ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាមិនធម្មតាមែន! ជនបរទេសក្លែង Profile ធ្វើជាគិលានុបដ្ឋាយិកាយោធាអាមេរិកបោកលុយបុរសខ្មែរអាយុ៤៦ឆ្នាំ អស់លុយជាង១ម៉ឺនដុល្លារ

ចែករំលែក៖

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ពាក់ព័ន្ធករណីឆបោក (លុយ១០,៧៥០ដុល្លារ) កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ជនសង្ស័យចំនួន៣នាក់នោះមានជនជាតិបរទេសចំនួន២នាក់និងខ្មែរម្នាក់គឺទី១-ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ទី២-ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទប្រុស អាយុ២៩ឆ្នាំជនជាតិនីហ្សេរីយ៉ា មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ទី៣-ឈ្មោះ មិត្ត ស្រីនី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះជាមួយជនសង្ស័យទាំងពីរនាក់ខាងលើដែរ ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតនូវវត្ថុតាងដូចជា កុំព្យូទ័រចំនួន៣គ្រឿង (ម៉ាក Dell ពណ៌ខ្មៅចំនួន១គ្រឿង ពណ៌ទឹកប្រាក់ចំនួន១គ្រឿង ,ម៉ាកAsus ពណ៌ខ្មៅចំនួន១គ្រឿង), ស៊ីមកាត (ប្រើរួច) មួយចំនួន , ទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ខ្មៅចំនួន១គ្រឿង, ទូរស័ព្ទដៃម៉ាក VIVO ពណ៌ស្លាបកំភេមចំនួន១គ្រឿង ,ទូរស័ព្ទដៃម៉ាកណូគាពណ៌ខៀវចំនួន១គ្រឿង, ទូរស័ព្ទដៃម៉ាកណូគាចុចពិលពណ៌ខ្មៅចំនួន១គ្រឿង, លិខិតឆ្លងដែន ចំនួន៤ក្បាល (លេខ A09043956 របស់ឈ្មោះ AMAOGANANYA MICHAEL CHUKWUDI ចំនួន១ក្បាល, លេខA06489995 របស់ឈ្មោះ DIKE IFEANYI EVARISTUS ចំនួន១ក្បាល, លេខA04999241 របស់ឈ្មោះ AMAOGANANYA MICHAEL CHUKWUDI ចំនួន១ក្បាល, លេខA07644429 របស់ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ចំនួន១ក្បាល) , ឆ្នាំងសាកកុំព្យូទ័រចំនួន៣គ្រឿង, ម៉ូតូម៉ាកឃ្លីក ពណ៌ក្រហមស ពាក់ស្លាកលេខភ្នំពេញ 1AF-5376 មានលេខតួ និងលេខម៉ាស៊ីន0023876 , ម៉ូតូម៉ាកហ្វុីណូ ពណ៌សខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AF-4446 មានលេខតួ និងលេខម៉ាស៊ីន002283 ចំនួន១គ្រឿង, ម៉ូតូម៉ាកធូដេ ពណ៌សពាក់ស្លាកលេខ កំពង់ស្ពឺ 1D-4761 មានលេខតួ និងលេខម៉ាស៊ីន 1051695 ចំនួន១គ្រឿង ។

បើតាមសមត្ថកិច្ចបានរៀបរាប់ពីហេតុការណ៍ប្រាប់ក្រុមអ្នកយកព័ត៌មានថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩និង៤៥នាទី មានគណនីហ្វេសប៊ុក ឈ្មោះ Favour Grace Williams ដែលដាក់រូបមនុស្សស្រីនៅលើ Profile បានផ្ញើសារចូលមកគណនីហ្វេសប៊ុក របស់ជនរងគ្រោះ ឈ្មោះ គុយ សាវឿន ភេទប្រុស អាយុ៤៦ឆ្នាំ ដែលមានហ្វេសប៊ុក ឈ្មោះ Kuy Savoeurn សុំធ្វើការទំនាក់ទំនងជាមួយជនរងគ្រោះ រួចជនរងគ្រោះក៏បានផ្ញើសារតបទៅវិញព្រោះគិតថាគ្រាន់តែសុំរាប់អានគ្នា ។ បន្ទាប់មកឈ្មោះ Favour Grace Williams បានផ្ញើសារអំពីព័ត៌មានផ្ទាល់ខ្លួនរបស់គេ ប្រាប់ជនរងគ្រោះ ថែមទាំងបានផ្ញើលិខិតឆ្លងដែន មានឈ្មោះ HELEN GRACE WILLIAMS ជាជនជាតិអាមេរិក ធ្វើការជាគិលានុបដ្ឋាយិកាយោធា បម្រើការងារនៅជំរំយោធាក្នុងក្រុងដាម៉ាស់ ប្រទេសស៊ីរី ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើសារមកជនរងគ្រោះថា រូបគេចង់ពិភាក្សាអ្វីមួយដែលសំខាន់ជាមួយជនរងគ្រោះ គឺថារូបគេរើសបានប្រអប់មួយនៅក្រោមដើមឈើដែលនៅក្នុងប្រអប់នោះមានទឹកប្រាក់យ៉ាងច្រើនដល់ ទៅ៣. ៥លានដុល្លារអាមេរិក ហើយរូបគេចង់យកលុយនោះមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយឱ្យជនរងគ្រោះអ្នកទទួលលុយនោះនៅក្រុមហ៊ុនអាកាសចរណ៍ ប៉ុន្តែឱ្យជនរងគ្រោះផ្ញើអាសយដ្ឋានរបស់ខ្លួនទៅរូបគេសិន រួចជនរងគ្រោះក៏បានផ្ញើអាសយដ្ឋានទៅឱ្យគេ ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើកញ្ចប់អីវ៉ាន់ និងវិក្កយបត្រផ្ញើអីវ៉ាន់តាមក្រុមហ៊ុនដឹកជញ្ជូនមកឱ្យជនរងគ្រោះបានឃើញជាមុនសិន ។ បន្ទាប់មកនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ប្រហែល៨និង០០នាទីព្រឹក ជនរងគ្រោះកំពុងតែនៅខេត្តកំពត ស្រាប់តែមានបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់មិនស្គាល់ឈ្មោះ ភេទប្រុស បានប្រើលេខទូរស័ព្ទ ០៩៣ ២១ ៩៩ ៦១ តេចូលលេខ ០៩៦ ៨៩៨ ៥៥៥៩ របស់ជនរងគ្រោះប្រាប់ថា អីវ៉ាន់របស់បងមកដល់ហើយ សូមបងចាំទទួលអីវ៉ាន់។ មួយសន្ទុះបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនខាងលើ ក៏បានប្រើលេខទូរស័ព្ទលេខ ០៩៣ ២១ ៩៩ ៦១ ដដែល តេចូលមកលេខទូរស័ព្ទជនរងគ្រោះម្តងទៀតប្រាប់ថា អីវ៉ាន់ដែលផ្ញើមកនោះត្រូវបង់ពន្ធចំនួន ៧៥០ដុល្លារអាមេរិកតម្រូវឱ្យជនរងគ្រោះផ្ញើលុយទៅឱ្យរូបគេ រួចជនរងគ្រោះក៏បានផ្ញើលុយចំនួន ៧៥០ដុល្លារអាមេរិកនោះទៅតាមភ្នាក់ងារវីងនៅខេត្តកំពត។ ក្រោយមកលេខទូរស័ព្ទខាងលើ បាននិយាយហេតុផលផ្សេងៗ ធ្វើឱ្យជនរងគ្រោះផ្ញើលុយឱ្យរូបគេ តាមភ្នាក់ងារវីង នៅក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ អស់លុយសរុបចំនួន ១០,៧៥០ ដុល្លារ (មួយម៉ឺនសូន្យពាន់ប្រាំពីររយហាសិបដុល្លារអាមេរិក) ហើយជនរងគ្រោះពុំបានទទួលអីវ៉ាន់អ្វីសោះ ។

លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី លេខទូរស័ព្ទខាងលើ គឺមានមនុស្សស្រីមិនស្គាល់ឈ្មោះ បានទូរស័ព្ទចូលមកលេខរបស់ជនរងគ្រោះ តម្រូវឱ្យជនរងគ្រោះផ្ញើលុយទៅឱ្យរូបគេ ចំនួន១០,០០០ ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ថែមទៀត ទើបជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌង្កោ ដើម្បីឱ្យសមត្ថកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

ក្រោយទទួលពាក្យបណ្តឹងហើយសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានទៅសហការជាមួយសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវរហូត ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ដូចមានឈ្មោះខាងលើ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ៕ដោយ៖ស សម


ចែករំលែក៖