ព័ត៌មានទាន់ហេតុការណ៍៖

ព្រេងខ្មែរ÷រឿង ត្រពាំង​លាក់​នង្គ័ល

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង៖នៅ​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង មាន​ត្រពាំង ១ ហៅ​ថា ” ត្រពាំង​លាក់​នង្គ័ល ” ។ បាន​ជា​មាន​ឈ្មោះ​ដូច្នេះ ព្រោះ​មាន​រឿង​ព្រេង​ដំណាល​ត​ៗ​គ្នា​មក​ថា :

មាន​កុមារ​ម្នាក់​ជា​ក្មេង​កំព្រា គ្មាន​មាតា​បិតា រសាត់​ព្រាត់ អនាថា​ឥត​ញាតិ​សន្ដាន​គ្រប់​គ្រង ។ ចៅ​កំព្រា​នោះ​បាន​ទៅ​នៅ​ក្ដី(២) ពឹង​ពាក់​សំណាក់​អាស្រ័យ​នឹង​លោក​គ្រូ​មេ​វត្ត ប៉ាយម៉ាក(៣) ។

លោក​គ្រូ​ពិនិត្យ​ឃើញ​ចៅ​កម្សត់​នោះ​ជា​ក្មេង​ស្លូត​ត្រង់ ក៏​មាន​ព្រះ​ទ័យ​អាណិត​អាសូរ​ករុណា ទទួល​កុមារ​នោះ​ឲ្យ​នៅ​រៀន​អក្សរ ។ កុមារ​នោះ អាប់​ប្រាជ្ញា​ណាស់ រៀន​យូរ​ឆ្នាំ​បាន​ចេះ​ចាំ​តែ​អក្សរ ១១ តួ កាល​លោក​គ្រូ​ដាក់​ច្បាប់​ឲ្យ​រាប់ ន មោ ចាំ​ហើយ ដល់​ដាក់ ពុ ទ្ធា ឲ្យ​ទន្ទេញ​តទៅ​ទៀត ភ្លេច​ឯ ន មោ ឈឹង ទោះបី​លោក​បង្ខំ​យ៉ាង​ណា​ក៏​ចេះ​ចាំ​បាន​តែ​ ន មោ ដល់ ឥ ឦ ប៉ុណ្ណោះ សូម្បី​លេខ​នព្វន្ត​គុណ​ហារ​អ្វី​ក៏​គ្មាន​ចេះ​បន្តិច​បន្តួច​ណា​សោះ​ឡើយ ហើយ​កុមារ​ចេះ​តែ​ព្យាយាម​ទន្ទេញ​អក្សរ​ថា ឥ ឦ ៗ ទាំង​យប់​ឥត​ឈប់​ឈរ​ឮ​សូរ​ក្ដែងៗ​ ហេតុ​ដូច្នេះ បាន​ជា​អ្នក​ស្រុក​អ្នក​ភូមិ​គេ​ហៅ​ថា ” ចៅ ឥ ឦ​ៗ (៤) ” គ្រប់​គ្នា ។

មាន​កាល​មួយ​ថ្ងៃ លោក​គ្រូ​នឹក​ភ្នក​ក្នុង​ចិត្ត​ថា “ចៅ ឥ ឦ​នេះ​មក​នៅ​ក្ដី​យូរ​ឆ្នាំ​ហើយ គ្មាន​ចេះ​ចំណេះ​អ្វី​បន្តិច​សោះ តែ​វា​ចេះ​គោរព​ប្រណិប័តន៍​អាត្មា​អញ​មិន​ឲ្យ​មាន​ហ្មង កិរិយា​មារយាទ​វា​ក៏​សុចរិត​ស្លូត​ត្រង់​ល្អ​ណាស់ ” ។ ទើប​លោក​ហៅ​ចៅ ឥ ឦ ​មក​ឲ្យ​ដំបូន្មាន ប្រៀន​ប្រដៅ​សព្វ​គ្រប់ អំពី​ច្បាប់​ចូល​ទៅ​នៅ​អាស្រ័យ​នឹង​មន្ត្រី ផ្គាប់​បុណ្យ​សក្ដិ ហើយ​លោក​មាន​ពុទ្ធដីកា​ទៅ​កាន់​ចៅ ឥ ឦ ថា ” នែ​កុមារ ! ចៅ​មក​នៅ​វត្ត រៀន​អក្សរ​ទាំង​ពី​ក្មេង​តូច​រហូត​ដល់​ធំ​ពេញ​កំលោះ​ហើយ មិន​ចេះ​អក្សរ​សោះ បើ​ដូច្នេះ អាច​ក្ដី(១) នឹង​នាំ​ចៅ​ឯង​ឲ្យ​ទៅ​នៅ​បម្រើ​នាហ្មឺន​ធំ ចូរ​ចៅ​ត្រង់​ត្រាប់​តាម​ច្បាប់​ដែល​អាច​ក្ដី​ប្រដៅ​នេះ​ទៅ ក្រែង​លោក​បាន​ជា​ធំ ” ។

កាល​ចៅ ឥ ឦ ព្រម​ទទួល​តាម​ពុទ្ធដីកា ឥត​មាន​ប្រកែក ហើយ​លោក​គ្រូ​នោះ​ក៏​នាំ​ចៅ ឥ ឦ ទៅ​ជូន​នាហ្មឺន​ធំ​ម្នាក់ សុំ​ផ្ញើ​ឲ្យ​នៅ​ធ្វើ​ជា​កូន​ក្មួយ​បម្រើ​គេ ហើយ​លោក​គ្រូ​មាន​ពុទ្ធដីកា​នឹង​មន្ត្រី​នោះ​ថា ” អាច​ក្ដី​យក​ក្មេង​នេះ​មក​នៅ​បម្រើ​លោក បើ​ក្មេង​នេះ​ទាស់​ខុស​ឆ្គាំ​ឆ្គង​យ៉ាង​ណា​ៗ សូម​លោក​មេត្តា​អភ័យទោស​ប្រដែ​ប្រដៅ​ឲ្យ​ទាន​ផង​ចុះ ព្រោះ​វា​ជា​មនុស្ស​កំព្រា​ឥត​មេបា​ទេ នៅ​តែ​នឹង​អាចក្ដី​តាំង​ពី​តូច​មក ” ។

មន្ត្រី​នោះ​ក៏​ទទួល​ចៅ ឥ ឦ ឲ្យ​នៅ​ក្នុង​ផ្ទះ​បម្រើ​បម្រាស់​តាម​ធម្មតា ឃើញ​ចៅ ឥ ឦ មាន​គំនិត​មារយាទ​សុចរិត​ពិត​ត្រង់​ល្អ​ក៏​ស្រឡាញ់ ប៉ុន្តែ​ដោយ​ហេតុ​ចៅ ឥ ឦ មិន​ចេះ​លេខ មិន​ចេះ​អក្សរ​សោះ គេ​នឹង​ឲ្យ​ធ្វើ​ជា​នាហ្មឺន​មាន​យសស័ក្ដិ​ថ្នាក់​ណា​មួយ​ក៏​មិន​កើត ។ លុះ​ចំណេរ​កាល​ទៅ​ប្រហែល​ជា ១០ ឆ្នាំ​ប្លាយ ចៅ ឥ ឦ ក៏​លា​មន្ត្រី​នោះ​វិល​ទៅ​សុំ​លោក​គ្រូ​មេ​វត្ត ប៉ាយម៉ាក បួស លោក​គ្រូ​នោះ​ក៏​បំបួស​ឲ្យ​ត្រឹម​ជា​សាមណេរ​រក្សា​សីល ១០ ព្រោះ​ល្ងង់​ខ្លៅ​ណាស់ នឹង​ឲ្យ​បួស​ជា​ភិក្ខុ​មិន​កើត ។

លុះ​បាន​បួស​ជា​សាមណេរ​ហើយ អ្នក​ផង​ហៅ​ថា លោក​នេន ឥ ឦ ។ ចំណេរ​កាល​ជា​លំដាប់​មក ដោយ​លោក​នេន ឥ ឦ ជា​អ្នក​ខ្សត់​លាភៈ សក្ការៈ ទាំង​កូន​សិស្ស​ក៏​គ្មាន​ផង ក៏​លោក​គ្រូ​ទៅ​បញ្ចុះ​បញ្ចូល​បបួល​ក្មេង​ម្នាក់​ឈ្មោះ​ចៅ យ៉ោក មក​នៅ​បម្រើ​ដើម្បី​ឲ្យ​ស្រួល​​ក្នុង​ការ​ចិញ្ចឹម​ជីវិត ។ នៅ​រដូវ​ភ្ជុំ​បិណ្ឌ​ដែល​លោក​កុដិ​ឯ​ទៀត​ៗ គេ​បាន​នំ​ចំណី​ច្រើន វេលា​យប់​ស្ងាត់ ចៅ យ៉ោក ដើរ​រើស​សំបក​អន្សម នំ​គម​ក្រោម​កុដិ​គេ​មក​ដាក់​ក្រោម​កុដិ​លោក​គ្រូ ឥ ឦ ឲ្យ​ឃើញ​ច្រើន​ជាង​កុដិ​ដទៃ ដើម្បី​បង្អួត​គេ​ថា លោក​គ្រូ​ខ្លួន​មាន​នំ​ចំណី​ច្រើន​ជាង​គេ ។

ថ្ងៃ​មួយ ចៅ យ៉ោក ជា​កូន​សិស្ស​បាន​ឃើញ​អ្នក​ស្រែ​ម្នាក់​កំពុង​ភ្ជួរ​ស្រែ​នៅ​ក្បែរ​ត្រពាំង​មួយ ដែល​ពេល​ល្ងាច​គេ​ដោះ​គោ​ចេញ ទុក​នង្គ័ល​ក្បែរ​ត្រពាំង​នោះ ហើយ​គេ​ដឹក​គោ​ទៅ​ផ្ទះ ។ កាល​គេ​ចេញ​ផុត​ទៅ ចៅ យ៉ោក យក​នង្គ័ល​គេ​ទៅ​លាក់​ក្នុង​ទឹក​ត្រពាំង ហើយ​ទៅ​រៀបរាប់​ប្រាប់​លោក​គ្រូ ឥ ឦ ថា “ខ្ញុំ​ករុណា​បាន​យក​នង្គ័ល​នោះ​បែរ​យាម​ទៅ​ខាង​នេះ ដង​ទៅ​ខាង​នោះ សូម​លោក​គ្រូ​ចាំ​ទាយ​តាម​ដំណើរ​នោះ​ចុះ បើ​គេ​មក​រក​ឲ្យ​ទាយ ” ។

ព្រឹក​ឡើង ម្ចាស់​នង្គ័ល​ដឹក​គោ​មក​ភ្ជួរ មិន​ឃើញ​នង្គ័ល ក៏​ខំ​ដើរ​រក​គ្រប់​ច្រក​ល្ហក បាន​ជួប​ប្រទះ​នឹង​ចៅ យ៉ោក​ៗ សួរ​ថា ” លោក​ពូ​ទៅ​ណា​មក​ណា​ក៏​រលាំង​ខ្លាំង​ម្ល៉េះ ? ” ។ ម្ចាស់​នង្គ័ល​ប្រាប់​ថា ” អាវ៉ា​អើយ ចោរ​វា​លួច​នង្គ័ល​ពូ​បាត់​ទៅ​ហើយ​យប់​មិញ រក​មិន​ឃើញ​សោះ ” ។

ចៅ យ៉ោក ប្រាប់​ថា “បើ​ដូច្នោះ លោក​ពូ​យក​ទៀន​ធូប​ម្លូ​ស្លា​ទៅ​ប្រគេន​លោក​គ្រូ​ខ្ញុំ​ឈ្មោះ​លោក​តា ឥ ឦ សុំ​ឲ្យ​លោក​ទាយ​ឲ្យ​ចុះ លោក​គ្រូ​ខ្ញុំ​ទាយ​ឆុត​ណាស់ ” ។ ម្ចាស់​នង្គ័ល​ក៏​វិល​ទៅ​ផ្ទះ យក​ទៀន​ធូប​ម្លូ​ស្លា​ទៅ​រក​លោក​តា ឥ ឦ សុំ​ឲ្យ​លោក​ទាយ​ឲ្យ ។ ឯ​លោក​តា​កាល​បាន​ទទួល​ទៀន​ធូប​ម្លូ​ស្លា​ហើយ ក៏​គន់​គូរ​មើល​ហើយ​សាសព្ទ​ថា ” នង្គ័ល​នោះ មាន​ចោរ​នាំ​ទៅ​លាក់​ក្នុង​ទឹក​ត្រពាំង នៅ​ក្បែរ​ស្រះ​នោះ ដង​វា​បែរ​ទៅ​ខាង​ត្បូង​, យាម​ទៅ​ខាង​ជើង ផ្នៀង​ទៅ​ខាង​លិច ” ។ ម្ចាស់​នង្គ័ល​ទៅ​រក​តាម​ទំនាយ​នោះ ក៏បាន​ឃើញ​ពិត ដូច​ទំនាយ​លោក​គ្រូ ឥឦ ទាយ​នោះ​មែន ។ តាំង​ពី​ពេល​នោះ​មក ក៏​ល្បី​រន្ទឺ​ឮ​ទៅ​សព្វ​ទិស​ថា លោក​តា ឥ ឦ ទាយ​ឆុត​ណាស់ មនុស្ស​ទាំង​ក្មេង​ទាំង​ចាស់ តែ​មាន​អ្នក​អាសន្ន​អន់​ក្រ ក៏​រត់​ទៅ​រក​លោក​គ្រូ​ ឥ ឦ ទាយ​ឲ្យ ។

ដោយ​ហេតុ​មាន​រឿង​ដូច្នេះ បាន​ជា​នៅ​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង មាន​ត្រពាំង ១ ឈ្មោះ​ថា ” ត្រពាំង​លាក់​នង្គ័ល ” ជាប់​តាំង​ពី​ពេល​នោះ​មក ៕ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖