អន្តរជាតិ៖ នៅថ្ងៃទី១៤ ខែកក្កដា បេក្ខភាពប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសពីគម្រោងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដែលមានទឹកប្រាក់ដល់ទៅ ២ពាន់ពាន់លានដុល្លារ។ ក្នុងចំណោមទឹកប្រាក់ទាំងនោះនឹងផ្តោតទៅលើការកែទម្រង់វិស័យថាមពល និងជំរុញគោលដៅមិនបញ្ជេញឧស្ម័នពុលក្នុងរយៈពេល១៥ឆ្នាំខាងមុខ។
លោកJoe Biden លើកឡើងពីគម្រោងខាងលើនៅក្នុងសុន្ទរកថារបស់លោកដែលថ្លែងនៅក្នុងទីក្រុងWilmington រដ្ឋDelaware សហរដ្ឋអាមេរិក។ គម្រោងខាងលើរបស់លោក បៃឌិនគឺផ្ទុយទៅនឹងគោលនយោបាយរបស់លោកត្រាំ ដែលបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងស្តីពី បម្រែបម្រួលអាកាសធាតុ។
ជាមួយគ្នានោះដែរ លោក បៃឌិន បានសន្យាថានឹងបញ្ជូនអាមេរិក ចូលរួមនៅក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីអាកាសធាតុដែលលោកត្រាំបានដកអាមេរិកចេញកាលពីឆ្នាំ២០១៧។
ជាមួយគ្នានេះលោកត្រាំ រិះគន់យ៉ាងខ្លាំងចំពោះគោលនយោបាយស្តីពីអាកាសធាតុរបស់លោក បៃឌិនដោយចាត់ទុកថា ដើរផ្ទុយនឹងផលប្រយោជន៍របស់អាមេរិក និងធ្វើឲ្យវិស័យសេដ្ឋកិច្ចអាមេរិក ធ្លាក់ចុះ៕ដោយ៖ធី រីណា