ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋហុងកុង២សែននាក់ចង់ទៅរស់នៅក្នុងប្រទេសអង់គ្លេស

ចែករំលែក៖

បរទេស៖ តាមសារព័ត៌មាន The daily Telegraph បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការបរទេសអង់គ្លេសដែលបានបញ្ជាក់ថា មានពលរដ្ឋកោះហុងកុងប្រមាណ ២សែននាក់ មានបំណងចង់ទៅរស់នៅក្នុងប្រទេសអង់គ្លេស។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចោទប្រកាន់អង់គ្លេសថាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។
កន្លងមក នាយករដ្ឋមន្ត្រីអង់គ្លេស លោក ប៊ូរីស ចនសុន បានប្រកាសពីគោលនយោបាយរដ្ឋាភិបាលអង់គ្លេសចំពោះពលរដ្ឋកោះហុងកុង ក្នុងនោះអាចនឹងមានពលរដ្ឋ ហុងកុងផ្លាស់ប្តូរលំនៅឋានទៅកាន់អង់គ្លេសវិញ។
លោក Alan Mack តំណាងរាស្ត្រអង់គ្លេសបានឲ្យដឹងថា ពលរដ្ឋហុងកុងមករស់នៅក្នុងប្រទេសអង់គ្លេស នឹងជួយដល់វិស័យសេដ្ឋកិច្ចអង់គ្លេសកាន់តែរីកចម្រើន។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក ប៊ូរីស ចនសុនបានលើកឡើងថា ច្បាប់សន្តិសុខថ្មីរបស់ចិនគឺជាការបំពានទៅលើសេចក្តីប្រកាសរួមរបស់អង់គ្លេសនិងចិនស្តីពីអនាគតរបស់កោះហុងកុង ក្នុងពេលអង់គ្លេសប្រគល់សងកោះហុងកុងទៅឲ្យចិនវិញ។
នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសថា ពលរដ្ឋហុងកុងទទួលបានសិទ្ធិរស់នៅនិងធ្វើការនៅក្នុងប្រទេសអង់គ្លេស ហើយក្រោយមក នឹងដាក់លិខិតសុំសញ្ជាតិអង់គ្លេសតែម្តង។ អ្នកកាន់លិខិតឆ្លងដែនហុងកុងមានសិទ្ធិចូលទៅកាន់អង់គ្លេស។
ជាមួយគ្នានេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានចោទប្រកាន់អង់គ្លេសថាកំពុងតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនពាក់ព័ន្ធនឹងកោះហុងកុង។ ច្បាប់សន្តិសុខថ្មីរបស់ហុងកុង គឺដើម្បីទប់ស្កាត់ក្រុមជនល្មើសតែប៉ុណ្ណោះ ៕ដោយ៖ធី រីណា


ចែករំលែក៖