ខេត្តស្ទឹងត្រែង៖ រថយន្តសាំងយ៉ុងដឹកអ្នកដំណើរ១៤នាក់ ថែមទាំងផ្ទុកអីវ៉ាន់ពេញរថយន្ត បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន រ៉េចង្កូតធ្លាក់ផ្លូវអូសជិត១០០ម៉ែត្រ ក្រឡាប់តែឯងជាច្រើនត្រឡប់ ធ្វើឲ្យអ្នករួមដំណើរស្លាប់៣នាក់ របួស១០នាក់ នៅនឹងកន្លែងកើតហេតុ តៃកុងរត់បាត់ ក្រោយគ្រោះថ្នាក់ ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១៖៤៥នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចព្រំប្រទល់ប្រសព្វខេត្តមណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង ហួសឃុំក្បាលរមាសបន្តិច ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។
បើតាមការរៀបរាប់ស្ត្រីរងគ្រោះរួមដំណើរ ត្រូវជាប្រពន្ធសពបានឲ្យដឹងថា៖មុនកើតហេតុរថយន្តសាំងយ៉ុងខាងលើ បើកបរដឹកពួកគាត់ជាកម្មករ មកធ្វើការនៅចំការចេកក្រុមហ៊ុនចិនស្រែពក តៃកុងចាស់ត្រូវបានប្តូរតៃកុងក្មេងអត់ស្គាល់ឈ្មោះ ដូរគ្នានៅចំណុចលើអូរពងមាន់ តៃកុងចាស់ឡើងបើករថយន្តផ្សេងត្រឡប់ទៅក្រោយវិញ ចំណែកតៃកុងក្មេងបានឡើងបើកបន្តដំណើរមកគោលដៅស្រែពក។
ប្រភពដដែលបានបន្តថា៖ មកដល់ចំណុចកើតហេតុ ចុះទួលបន្តិចរថយន្តនោះក៏លឿនដូចព្យុះ ហើយក៏ធ្លាក់ផ្លូវតែម្តងពេលនោះរូបគាត់លែងដឹងខ្លួន ស្រាប់តែដឹងខ្លួនរថយន្តនោះក្រឡាប់ សង្កត់ប្តីគាត់ស្លាប់បាត់ហើយ នឹងអ្នករួមដំណើស្លាប់២អ្នកផ្សេងទៀត នឹងរបួសគ្រប់គ្នាមានខ្លះធ្ងន់ ខ្លះស្រាល រួមទាំងខ្លួនគាត់សំណាងដាច់ថ្ពាល់នឹងកញ្ចក់បន្តិច។
សូមបញ្ចាក់ថា៖ រថយន្តកើតហេតុខាងលើ ម៉ាកសាំងយ៉ុងពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ.2W.9428 បើកបរទិសដៅពីលិចទៅកើត បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យមានហេតុការណ៍គ្រោះថ្នាក់នេះកើតឡើង ក្រោយកើតហេតុមានតែអ្នកមើល គ្មានអ្នកជួយព្រោះសមត្ថកិច្ច នគបាលប៉ុស្តិ៍ឃុំក្បាលរមាសថា ហួសទឹកដីលោកហើយ លោកមិនអាចទៅមើលបានទេ។
ហេតុការណ៍គ្រោះថ្នាក់នេះ គ្មានសមត្ថកិច្ចណាចុះពិនិត្យ ធ្វើកំណត់ហេតុឡើយ ទើបត្រូវបានអូសបន្លាយពេលវេលា តាំងពីម៉ោង១១ជាង រហូតដល់ម៉ោង២ជាង ទើបមានរថយន្តសាមុយរបស់ពេទ្យបង្អែកខេត្តស្ទឹងត្រែង មកដឹកអ្នករងគ្រោះធ្ងន់នឹងស្រាយកមកសង្គ្រោះ។ ក្រោយមកបានក្រុមគ្រួសារសពជួលរថយន្តពេទ្យខេត្តស្ទឹងត្រែង ដឹកសាកសពទាំង៣អ្នក ៖
ទី១,សពប្តីគាត់ឈ្មោះវ៉ែង សុខនូវ អាយុ៣៧ឆ្នាំ រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សពទី២,ឈ្មោះម៉េង សុផលភេទស្រី អាយុ៣៩ រស់នៅឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សពទី៣,ឈ្មោះញឹក ឃាង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។
ដោយ៖មាស សុផាត