ភ្នំពេញ ៖ ក្រោយទទួលបានព័ត៌មានថាកុមារីរងគ្រោះអាយុ៥ឆ្នាំ ត្រូវបានស្ត្រីជាជនដៃដល់ម្នាក់យកកាំបិតអារដៃ និងផ្ទៃមុខបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហេីយមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនោះ នៅវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោកឧកញ៉ាឌួង ឆាយ រួមជាមួយភរិយា បានអញ្ចេីញចុះទៅដល់មន្ទីរពេទ្យដេីម្បីជួយឧបត្ថម្ភជាថវិកានិងលេីកទឹកចិត្តដល់ក្រុមគ្រួសារកុមារីរងគ្រោះ ។
ក្នុងបន្ទប់សម្រាកព្យាបាលរបស់កុមារីរងគ្រោះស្ថិតក្នុងមន្ទីរពេទ្យកុមារជាតិ លោកឧកញ៉ា ឌួង ឆាយ រួមនឹងភរិយាបានឃេីញទុក្ខធុរៈរបស់កុមារី កុមារាពីរគ្រួសារដែលកំពុងសម្រាកព្យាបាលគ្រែក្បែរគ្នា ដោយបានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ជួយសម្រាលបន្ទុកផងដែរ ។
នៅចំពោះមុខអ្នកសារព័ត៌មាន លោកឧកញ៉ា ឌួង ឆាយ បានប្រាប់ឲ្យដឹងថា កុមារដូចជាក្រដាសសមួយផ្ទាំង មិនគួរអ្នកបង្កប្រេីអំពេីហិង្សាលេីកុមារនោះទេ ព្រោះជាអំពេីខុសច្បាប់លេីកុមារ ហេីយរូបលោកក៏មានទឹកចិត្តអាណិតអាសូរជួយចេញថ្លៃព្យាបាលទាំងនៅក្នុងស្រុកនិងក្រៅប្រទេសថែមទៀតផង ។
គួរបញ្ចាក់ថា ស្រ្តីម្នាក់ជាជនសង្ស័យ បានខឹងក្មេងស្រីរងគ្រោះ ព្រោះតែយកដុំថ្មគប់កូនប្រុសគាត់បែកក្បាល ហើយស្រ្តីដៃដល់ក៏បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរដើម្បីជាការសងសឹក រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុននឹងនគរបាលឃាត់ខ្លួន បង្កការភ្ញាក់
ផ្អេីលកាលពីវេលាម៉ោង៣៖១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីដៃដល់ខាងលើឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ រងរបួសផ្ទៃមុខ ច្រមុះ ក និងដៃ រស់នៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។
បច្ចុប្បន្ន ស្ត្រីជាជនដៃដល់ខាងលេី ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម កសាងសំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំអនុវត្តតាមនីតិវិធីនាពេលក្រោយ៕ដោយ៖ ភារ៉ា ដង្កោ