បរទេស៖ អង់គ្លេសបានចោទប្រកាន់រុស្ស៊ីថាបានចូលរួមជាមួយក្រុមហែកឃើរ លួចឯកសារសម្ងាត់ពាក់ព័ន្ធការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយបានជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតនៅក្នុងប្រទេសអង់គ្លេសកាលពីឆ្នាំ២០១៩។
តាមការលើកឡើងរបស់នាយកដ្ឋានសន្តិសុខបណ្តាញអង់គ្លេស(NCSC)បានបញ្ជាក់ថា ក្រុម hacker APT29 ត្រូវបានគេហៅថា”Cosy Bear”បានវាយប្រហារទៅលើបណ្តាញលួចឯកសារពាក់ព័ន្ធរូបបន្តផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយមានការជួយពីក្រុមចារកម្មរុស្ស៊ី។
ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកDominic Raab បានបញ្ជាក់ថា ទីក្រុងឡុងដុង នឹងធ្វើការជាមួយសម្ពន្ធមិត្តដើម្បីបង្ខំឲ្យជនដៃដល់ត្រូវតែចេញមុខទទួលខុសត្រូវ។
ប្រតិកម្មចំពោះព័ត៌មានខាងលើ អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី លោកDmitry Peskov បានបញ្ចាក់ថា រុស្ស៊ីមិនជាប់ពាក់ព័ន្ធដល់ការវាយប្រហារទៅលើក្រុមហ៊ុនឱសថរបស់អង់គ្លេសនោះឡើយ ហើយការចោទប្រកាន់របស់អង់គ្លេសគឺគ្មានភស្តុតាងនោះឡើយ។ នៅពេលនេះរុស្ស៊ីបានផ្តោតទៅលើការស្រាវជ្រាវផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់ទៅ២៦ប្រភេទ។
កាលពីថ្ងៃទី១៦ខែកក្កដានោះដែរ អង់គ្លេសបានចោទប្រកាន់រុស្ស៊ីថាបានជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតកាលពីឆ្នាំ២០១៩ ប៉ុន្តែរុស្ស៊ីបានច្រាលចោលរាល់ការចោទប្រកាន់ទាំងឡាយនោះ៕
ដោយ៖ធី រីណា