ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ស្រាល១០នាក់ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដីបុកជាមួយនឹងរថយន្តរត់ឈ្នួល

ចែករំលែក៖

   ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីចំនួន១០នាក់ដែរបានរងរបួសធ្ងន់និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តដឹកដីបុកគ្នាជាមួយនឹងរថយន្តរត់ឈ្នួល នៅគ្រាដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១១ និង៥០នាទី ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ចំណុចស្ពានថ្មបឹងព្រះពន្លៃ ស្ថិតក្នុងភូមិព្រហស្បតិ៍ក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យបានប្រាប់ថា មុនកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AE-5390 ដឹកមនុស្សពេញរថយន្តបើកក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្តដឹកដីធុនធំ១គ្រឿងដែលកំពុងធ្វើដំណើរច្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកជិះរថយន្តម៉ាកសាំយ៉ុងរងរបួសធ្ងន់ស្រាលចំនួន១០នាក់ ហើយជនរងរបួសទាំង១០នាក់នេះ មានទីលំនៅក្នុងភូមិ-ឃុំស្ដុកប្រវឹក ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

 ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកដដែលបន្តទៀតថា រថយន្តធុនធំដឹកដីម៉ាក NISSAN DIESEL ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1257 ។ក្រោយកើតហេតុវត្ថុតាងរថយន្តទាំង២គ្រឿង នោះ មន្រ្តីជំនាញបានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ។ ចំពោះជនរងរបួសទាំង១០នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ៕ ដោយ៖បុឹម ពិន


ចែករំលែក៖