ព័ត៌មានទាន់ហេតុការណ៍៖

សម្ពោធដាក់អោយប្រើប្រាស់សមិទ្ធផលថ្មីនៅលើទឹកដីសង្កាត់ ព្រែកប្រា

ចែករំលែក៖

ភ្នំពេញ៖ សមិទ្ធផលថ្មីមួយទៀតគឺទីស្នាក់ការភូមិអូរអណ្តូងត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការដើម្បីបំរើសេវាជូនប្រជាពលរដ្ឋនៅក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ពិធីសម្ពោធទីស្នាក់ការភូមិនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានលោកស្រី ឡោក ខេង ប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ លោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកចេង មុនីរ៉ា អភិបាលខណ្ឌ , លោក-លោកស្រីជាអភិបាលរង , លោក មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ , លោកអធិការនគរបាលខណ្ឌ និងមានការចូលរួមពីប្រជាពលរដ្ឋជិត៣០០នាក់ ។
លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានថ្លែងនៅក្នុងអង្គពិធីដូច្នេះថា អគារថ្មី ទីស្នាក់ការភូមិអូរអណ្តូងនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ហើយបញ្ចប់ការសាង សង់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ មានទំហ៊ំទទឹង៥ម៉ែត្រ គុណ បណ្តោយ៦ម៉ែត្រ កំពស់២ជាន់ ចំណាយទឹកប្រាក់អស់ជាង១១២លានរៀល ស្មើនិងជាង២៧០០០ដុល្លារ ។

ប្រភពថវិកានៃការសាងសង់អគារថ្មីនេះបានមកពីសប្បុរសជន ចូលរួមចំណែកជាមួយគណៈអភិបាលខណ្ឌនិងសង្កាត់ ទើបសម្រេចបាននូវសមិទ្ធផលមួយបន្ថែមទៀតសម្រាប់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
លោកអភិបាលបានបន្តថា ក្នុងអាណត្តិបច្ចុប្បន្ននេះ គណៈអភិបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការទូទាំងខណ្ឌ-សង្កាត់-ភូមិ បានរួមគ្នាខិតខំបំពេញការងារបំរើបងប្អូនប្រជាពលរដ្ឋ ក្នុងនោះការងារសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវបានខិតខំពង្រឹង រួមនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាបន្តបន្ទាប់ ដូចជាការស្ថាបនាផ្លូវបេតុង ជួសជុលផ្លូវ ដាក់លូ ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ជា ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញ-ចូល តែមួយខណ្ឌ-សង្កាត់ ត្រូវបានយកចិត្តទុកដាក់ធ្វើយ៉ាងណាអោយការផ្តល់សេវាកាន់តែមានប្រសិទ្ធភាព តម្លាភាព និងពេលវេលាទទួលសេវាកាន់តែសមស្របឆាប់ រហ័សជូនដល់ប្រជាពលរដ្ឋ ។

ក្រៅពីនេះការសម្របសម្រួលដោះស្រាយបញ្ហាប្រឈម នានានៅក្នុងមូលដ្ឋាន ក៏ត្រូវបាន យកចិត្តទុកដាក់ដោះស្រាយជូនជាបន្តបន្ទាប់ ។ អ្វីដែលសំខាន់ជាងនេះទៀត ក្រោយពេលសម្ពោធដាក់អោយប្រើប្រាស់អគារថ្មីទីស្នាក់ការភូមិនេះហើយ គណៈភូមិត្រូវមានក្រុមការងារប្រចាំការនៅទីស្នាក់ការជានិច្ចដើម្បីចាំទទួលប្រជាពលរដ្ឋមកប្រាស្រ័យទាក់ទងពីបញ្ហាផ្សេងៗ ដែលកើតមាននៅក្នុងភូមិ ។
នៅក្នុងពិធីនេះដែរលោកស្រី ឡោក ខេង ប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ បានថ្លែងកោតសរសើរដល់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ , ក្រុមប្រឹក្សាខណ្ឌ-សង្កាត់ ដែលបានខិតខំរួមគ្នាក្នុងការគៀងគររកសប្បុរសជនជួយឧបត្ថម្ភជាសម្ភារ និងថវិកា ក្នុងការសាងសង់អគារថ្មីទីស្នាក់ភូមិអូរអណ្តូង ដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ សមិទ្ធផលនេះសបញ្ជាក់ជាវឌ្ឍនៈភាពថ្មីមួយទៀតរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ៕ដោយ៖ សណ្តោស


ចែករំលែក៖