ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីការទូតវៀតណាម និងចក្រភពអង់គ្លេស ចូលរួមកិច្ចពិភាក្សាតាមប្រព័ន្ធអ៉ីនធើណេត

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទីភ្នាក់ងារ AKP បានចេញផ្សាយនៅថ្ងៃទី ១៧ខែកក្កដា ឆ្នាំ២០២០នេះថា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោកTo Anh Dung កាលពីថ្ងៃទី១៦ ខែកក្កដាម្សិលមិញនេះ បានជួបពិភាក្សាតាមប្រព័ន្ធអ៉ីនធើណេតជាមួយលោក Nigel Adams រដ្ឋមន្រ្តីក្រសួងការបរទេស និងការិយាល័យតំណាងរាស្រ្ត និងនាយកដ្ឋានអភិវឌ្ឍន៍អន្តរជាតិនៃចក្រភពអង់គ្លេស។

ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៉ីនធើណេតខាងលើនេះ មន្រ្តីនៃភាគីទាំងពីរ បានសម្តែងនូវការសប្បាយរីករាយចំពោះកិច្ចអភិវឌ្ឍន៍ខ្លាំង នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមចក្រភពអង់គ្លេស ចាប់តាំងពីបានបង្កើតឡើងអស់រយៈពេល ១០ឆ្នាំកន្លងមក។

លោក Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងការប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ១៩ និងគំនិតផ្តួចផ្តើមនានាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវេជ្ជសាស្ត្រ នឹងបានអះអាងថា វៀតណាមត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេសក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនោះ។ ដោយលោកបានស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់ចក្រភពអង់គ្លេសក្នុងការដាក់ប្រទេសវៀតណាមក្នុងបញ្ជីប្រទេសដែលត្រូវបានលើកលែងសម្រាប់ការដាក់ឱ្យនៅដាច់ដោយឡែក ចំពោះការធ្វើដំណើរទៅចក្រភពអង់គ្លេស ហើយបានស្នើឱ្យប្រទេសទាំងពីរបន្តជួយគ្នាក្នុងកិច្ចការការពារពលរដ្ឋ។

អនុរដ្ឋមន្ត្រីការបរទេសរូបនេះ បានបញ្ជាក់ទៀតថា វៀតណាមជួយសម្រួលដល់ការចូលក្នុងប្រទេសនេះពីអ្នកការទូត វិនិយោគិន អ្នកជំនាញអ្នកគ្រប់គ្រង និងកម្មករជំនាញ រួមទាំងអ្នកមកពីចក្រភពអង់គ្លេសដែលមកធ្វើការនៅក្នុងវៀតណាមផងដែរ។

ដោយឡែកលោក Nigel Adams បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសវៀតណាមក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងបានថ្លែងអំណរគុណដល់ភ្នាក់ងារវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាវៀតណាមដែលបានយកចិត្តទុកដាក់ចំពោះប្រជាជនអង់គ្លេសដែលបានឆ្លងវីរុសនេះ។

គួរបញ្ជាក់ថា មន្រ្តីរូបនោះ បានកត់សម្គាល់នូវក្តីសង្ឃឹមរបស់ខ្លួនដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀតនៅក្នុងវិស័យដែលមានផលប្រយោជន៍រួមគ្នា ដូចជាវិស័យពាណិជ្ជកម្ម វិនិយោគ នយោបាយ ការពារជាតិសន្តិសុខ សុខភាព ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យាថាមពលកកើតឡើងវិញនិងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ៕ដោយ៖ស តារា


ចែករំលែក៖