ព័ត៌មានទាន់ហេតុការណ៍៖

ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ប្រវែង ៨២,៥៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ សម្រេចបាន ៩៩,៩២%ហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានបញ្ជាក់ថា៖
គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ប្រវែង ៨២,៥៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ដឹកនាំដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សម្រេចចាក់បេតុងបាន ៩៩,៩២%ហើយ។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ៖ ការអនុវត្តការងារដាក់លូ សម្រេចបានចំនួន ១០០ភាគរយ រៀបខឿនថ្មក្រានីតបាន ៥៩,៩៩ភាគរយ រៀបក្រាលថ្មក្រានីតបាន៤,៤៨ភាគរយ ដាំបង្គោលបំភ្លឺផ្លូវសាធារណៈបាន២៣,៨៩ភាគរយ និងបំពាក់អំពូលភ្លើងដែលប្រើបច្ចេកវិទ្យាវៃឆ្លាតបាន១០,៤៥ភាគរយ នៃបង្គោលភ្លើងងដែលបានដាំរួច។
សេចក្តីប្រកាសព័ត៌មាននេះ ក៏បានបញ្ជាក់ថា គម្រោងបាននឹងកំពុងរៀបចំកែលម្អឆ្នេរសមុទ្រឡើងវិញ និងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ទីតាំង ដែលទី១ នៅក្បែរសណ្ឋាគារ Sunshine Bay មានសមត្ថភាពច្រោះទឹក ៥,២០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន២០ភាគរយ និងទី២ នៅក្បែរសណ្ឋាគារសុខា មានសមត្ថភាពច្រោះទឹក ៧,២០០ម៉ែត្រគូបក្នុងថ្ងៃ សម្រេចបាន១០ភាគរយ។ ជាមួយគ្នានេះ គម្រោងនឹងធ្វើការអ៊ុតកម្រាលកៅស៊ូ រៀបចំគំនូសសញ្ញា និងភ្លើងចរាចរណ៍ និងបំពាក់កាំមេរ៉ាសុវត្ថិភាពតាមផ្លូវ ព្រមទាំងសាងសង់ចំណតរថយន្ត និងបន្ទប់ទឹកសាធារណៈនៅតាមបណ្តោយឆ្នេរសមុទ្រផងដែរ។

សូមបញ្ជាក់ថា៖ ដើម្បីលើកកម្ពស់សោភណភាព និងសម្រួលដល់ការធ្វើចរាចរណ៍នៅក្នុងព្រះសីហនុ ដែលទីគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅភាគនិរតីនោះ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាជាតិរហូតដល់ទៅប្រមាណជា ៣០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវធំតូចសរុបចំនួន៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ។
ផ្លូវទាំង៣៤ខ្សែ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩៕ដោយ៖សិលា


ចែករំលែក៖