ខេត្តកំពង់ស្ពឺ៖ បទល្មើសព្រៃឈើនៅតែបន្តកើតមានជាហូរហែដោយសារតែការបើកដៃពីសំណាក់មន្ត្រីឧទ្យាននុរក្សដែលឈរជើងនៅស្រែកិនបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនឈើជារៀងរាល់យប់ហើយក្នុងនោះផងដែរក្រុមឈ្មួញក៏បានត្រូវរ៉ូវជាមួយមន្ត្រីបរិស្ថាននិងសន្តិសុខយាមក្រុមហ៊ុនចម្ការអំពៅដោយបង់លុយជាថ្នូរនឹងការដឹកជញ្ជូនឈើកាត់តាមផ្លូវចម្ការអំពៅឆ្ពោះទៅគោលដៅរៀងៗខ្លួន។
ជាក់ស្ដែងគោយន្តដឹកឈើអារប្រភេទឃ្នាបប្រមាណជាជិតបួនម៉ែត្រគូបត្រូវបានក្រុមមន្ត្រីបរិស្ថានដែលឈរជើងនៅចំណុចស្រែកិនអនុញ្ញាតឱ្យដឹកចេញពីតំបន់អភិរក្សជាថ្នូរនឹងការបង់លុយរបស់ក្រុមថៅកែឈើទៅឱ្យអស់លោកមន្ត្រីបរិស្ថានទាំងនោះដែលមានឈ្មោះធឿន ជាកូនចៅរបស់លោកហ៊ុល ម៉ារ៉ា ប្រធានស្តីទីការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ គោយន្តរបស់ថៅកែឈើឈ្មោះ ម៉ុន បានបើកចេញពីចំណុចគោលដៅបរិស្ថានឈរជើងហើយយកមកលាក់ទុកនៅផ្ទះប្រជាពលរដ្ឋមួយកន្លែងឋិតក្នុងភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដែលម្ចាស់ផ្ទះក៏ជាអ្នករកស៊ីឈើដូចគ្នាដែរហើយត្រូវបានគេស្គាល់ថាឈ្មោះទូច។
ថៅកែឈើរូបនេះបានប្រើប្រាស់រូបភាពពីការដឹកជញ្ជូនតាមរថយន្តមកដឹកជញ្ជូនតាមគោយន្តវិញ តែក្នុងមួយគោយន្តបើគេមើលត្រង់តួទៅគឺហាក់បីដូចជាតិចណាស់តែសន្លឹកឈើដែលគេរៀបស្មើជ្រុងយ៉ាងហោចណាស់ក៏២ម៉ែត្រគូបដែរ បើដាក់លើសពីលើទ្រុងគឺចូល៤ទៅ៥ ម៉ែត្រគូបឯណោះក្នុងមួយគោយន្ត។
ចំពោះការសុំផ្លូវរត់កាត់ក្រុមហ៊ុនចម្ការអំពៅ ម្ចាស់គោយន្តដឹកឈើត្រូវបង់ទៅឲ្យប្រធានសន្តិសុខម្នាក់ឈ្មោះម៉ាញដែលគេស្គាល់ថាជាទាហានសឹករងខេត្តក្នុងមួយគោយន្ត ២៥០.០០០ រៀលទៅ ៥០០.០០០រៀលតាមឈើតិចឬច្រើន។បើមិនបង់ឱ្យមេសន្តិសុខឈ្មោះម៉ាញនោះទេ គេមិនអនុញ្ញាតឲ្យគោយន្តដឹកឈើទាំងនោះបើកកាត់ចម្ការអំពៅឡើយ។ចំពោះការបង់លុយទៀតសោតត្រូវបានប្រភពបង្ហើបថា មិនមែនឈ្មោះម៉ាញយកតែម្នាក់ឯងទេគឺគេទុកមួយចំណែកជូនទៅលោកអធិការស្រុកថ្ពងផងដែរ។
ពាក់ព័ន្ធនឹងការបើកច្រកឲ្យគោយន្តដឹកឈើបើកកាត់ចម្ការអំពៅស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានសឹករងខេត្តនេះដែរយើងមិនអាចសុំការពន្យល់បកស្រាយពីលោកមេបញ្ជាការសឹករងក៏ដូចជាបុគ្គលពោះម៉ាយជាសន្តិសុខក្រុមហ៊ុនបានទេជាពិសេសគឺមន្ត្រីបរិស្ថានដែលឈរជើងនៅស្រែកិនតែម្ដង។
ពលរដ្ឋសង្ឃឹមថា ថ្នាក់លើនឹងគិតគូរពិចារណាធ្វើការរឹតបន្តឹង ព្រោះថាមន្ត្រីបរិស្ថានដែលឈរជើងនៅចំណុចស្រែកិននេះហើយគឺជាអ្នកបើកដៃឲ្យក្រុមឈ្មួញចូលកាប់បំផ្លាញឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដឹកយកទៅលក់នៅខាងក្រៅ។
មហាជនបានលើកឡើងផងដែរថាថ្នាក់លើរបស់ក្រុមហ៊ុនចម្ការអំពៅមិនបានដឹងទេថាសន្តិសុខយាមក្រុមហ៊ុនជាអ្នកបើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ចម្ការអំពៅ ។ ប្រជាពលរដ្ឋនៅតំបន់នោះសំណូមពរផងដែរថា ថ្នាក់លើក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុនចម្ការអំពៅគួរតែត្រួតពិនិត្យចំពោះសកម្មភាពរបស់ក្រុមសន្តិសុខដែលយាមតាមច្រកក្រុមហ៊ុនទាំងអស់ ជាពិសេសគឺចំណុចឈរជើងរបស់ទាហានសឹករងខេត្តឈ្មោះម៉ាញតែម្ដង ព្រោះថាមានតែថ្នាក់ដឹកនាំក្រុមហ៊ុននោះទេទើបអាចធ្វើការទប់ស្កាត់ឬដាក់កំហិតណាមួយទៅលើក្រុមសន្តិសុខទាំងនោះបាន។
ដោយឡែកលោកអ៊ុំ ម៉ារ៉ា ប្រធានស្តីទីការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់យើងមិនអាចសុំការពន្យល់បកស្រាយបានទេដោយទូរស័ព្ទទំនាក់ទំនងមិនបាន៕សេនាស័ក្តិ