ព័ត៌មានទាន់ហេតុការណ៍៖

យុវជនពីរនាក់បើកម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនឹងរថយន្តបណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករថយន្តបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតដែលរួមដំណើរបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៤០ នាទីយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងមុខព្រលានយន្តហោះអន្តរជាតិ ក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះប៊ុន សម្បត្តិភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិសុក្រំឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ 

ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ ឈឹម រដ្ឋា អាយុប្រមាណជាង២០ឆ្នាំមានស្រុកកំណើតជាមួយគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តម៉ាកហាយឡេនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BC 4659បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច ហើយបត់ឆ្វេងបម្រុងចូលទៅក្នុងព្រលានយន្តហោះ តែពេលមកដល់ត្រង់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1O-6376 បើកបរដោយយុវជនម្នាក់និងមានអ្នករួមដំណើរម្នាក់ពីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករថយន្តយ៉ាងពេញទំហឹងបណ្ដាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីមកធ្វើការវាស់វែងហើយរថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ចំណែកឯសពជនរងគ្រោះក្រោយពេលធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ដោយនិនសុភ័ស្ត


ចែករំលែក៖