ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបលឿនជ្រុលចង្កូតទៅបុករះរថយន្ត៤គ្រឿងចតនៅចិញ្ចើមផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋដាច់កាឡេកង់ទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១ និង ៣០នាទីយប់ ថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ១៧៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្ត ford ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-9378 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៧៤ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុជ្រុលចង្កូតទៅបុករថយន្ត lexus 570 ពាក់ស្លាកលេខ 2BB 2899 ពេញទំហឹងរួចជ្រុលទៅបុករថយន្ត៣ គ្រឿងទៀត ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកកញ្ចក់ទ្វារផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរថយន្តបង្កដាច់កង់ទៅមុខលែងរួច ភ្លាមៗនោះម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងស្ទូចយករថយន្តទាំង ៤គ្រឿងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ