ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបឃាត់ខ្លួនជនជាតិចិន ចំនួន១១នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់ជនជាតិចិនដូចគ្នា ចំនួន ៣១ម៉ឺនយ័ន នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិន ចំនួន១១នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់ជនជាតិចិនដូចគ្នា ចំនួន៣១ម៉ឺនយ័ន (លុយចិន) នៅខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើកប្រតិបត្តិការបង្ក្រាបជាក់ស្តែងកាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថិតក្នុងផ្ទះលេខ៣២២ ផ្លូវ៩៥៦ ភូមិតាងូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការខាងនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងមានការចង្អុលបង្ហាញចំគោលដៅពី លោក ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងចុះដឹកនាំកម្លាំងដោយ លោក ឧត្ដមសេនីយ៍ត្រី ជាវ វិបុលអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ

យោងតាមមន្រ្តីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ និងរំដោះជនរងគ្រោះម្នាក់ ជាជនជាតិចិន បន្ទាប់ពីរំដោះបានជនរងគ្រោះដោយស្ថានភាពត្រូវបានក្រុមជនសង្ស័យវៃធ្វើបាប និងដាក់ខ្នោះផងដែរ ហើយរាងកាយញ័រអស់ហើយដើម្បីជំរិតទារប្រាក់ចំនួន៣១ម៉ឺនយ័នស្មើនិងជិត ៥ម៉ឺនដុល្លារ

ក្រោយប្រតិបត្តិការរួច កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖  ដំបងឆក់ចំនួន២ដើម, ខ្នោះដៃមួយ, ទូរស័ព្ទ ១៧គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធីច្បាប់៕ដោយ៖ស តារា


ចែករំលែក៖