ភ្នំពេញ៖ លោក គុជ គឹមឡុង អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនស្ត្រីម្នាក់ដែលហ៊ានយកកាំបិតអារមុខនិងអារដៃក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ ដាក់ពន្ធនាគារបណ្តោះអាសន្នហើយ។
ស្ត្រីរូបនេះត្រូវបានលោក សុក កែវបណ្ឌិត ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទធ្វើទារុណកម្មនិងអំពេីឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះតាមមាត្រា២១១នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ២០ឆ្នាំ ។
សូមបញ្ជាក់ថា ស្ត្រីជាជនដៃដល់ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ បានឆ្លើយសារភាពថា នៅរសៀលថ្ងៃកើតហេតុ ពោលគឺថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានទៅទិញកូនកាំបិតនៅក្នុងផ្សារ រួចក៏ចាប់ក្មេងស្រីរងគ្រោះអារមុខ ច្រមុះ និង ដៃ គឺ ជាការតបស្នងដែលក្មេងស្រីរងគ្រោះបានយកដុំថ្មគប់ទៅលើកូនប្រុសរបស់ខ្លួន ។
ស្ត្រីរូបនេះសារភាពទៀតថា ខ្លួនខឹងខ្លាំងណាស់ដេកមិនលក់២យប់មកហើយ ដោយសារតែក្មេងស្រីរងគ្រោះ ធ្វើឱ្យកូនខ្លួនចេញឈាម ហើយត្រូវដឹងថាកូនខ្លួនធំឡើងនឹងក្លាយជាតារាផង។ ដូច្នេះ ខ្លួនសុំត្រឹមតែឱ្យក្មេងស្រីរងគ្រោះរូបនេះ ចេញឈាមវិញដូចជាកូនខ្លួនដែរ ។
ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ាវីលីយ៉ា អាយុ៥ឆ្នាំ រងរបួសផ្ទៃមុខ ច្រមុះ ក និង ដៃ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ៕ដោយ៖ចេស្តា