ខេត្តពោធិ៍សាត់ ៖ យោងតាមបទបញ្ជាលោក ឧត្ដមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោក អធិការនៃអធិការដ្ឋានស្រុកនគរបាលស្រុកវាលវែង បានដឹកនាំមន្រ្តីក្រោមឱវាទសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងសរុបប្រមាណ ៣៥នាក់ បានចុះបង្រ្កាបករណីលួចដាំដុះរុក្ខជាតិ(ដំណាំកញ្ឆា)ខុសច្បាប់ នៅតំបន់ជ្រលងភ្នំ៧០ដែលជាភូមិសាស្រ្តដ៏លំបាកមួយកន្លែងពិបាកចូលទៅដល់ ។
ប្រតិបត្តិការបង្រ្កាបករណីដាំដុះរុក្ខជាតិដំណាំកញ្ឆាខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១១ និង១៥នាទី ព្រឹកថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់ព្រៃភ្នំត្រង់ចំណុចជ្រលងក្បាលភ្នំ៧០ ស្ថិតនៅភូមិដំក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានប្រាប់ថា ទោះជាភូមិសាស្រ្តខាងលើមានផលលំបាកខ្លាំងមិនសូវអំណោយផលក្ដី ប៉ុន្តែកម្លាំងសហការរបស់យើងអនុវត្តបានដោយជោគជ័យ។ ជាលទ្ធផលក្នុងការបង្រ្កាបនេះ កម្លាំងចម្រុះបានដកចិញ្រ្ចាំនិងដុតបំផ្លាញចោលដើមកញ្ឆសចំនួន ៥,៥៣០ដើម(ប្រាំពាន់ប្រាំរយសាមសិបដើម) ដែលដាំដុះលើផ្ទៃដីចំនួនប្រមាពជិត២ហិកតា ។
លោក វរសេនីយ៍ឯក អធិការនគរបាលស្រុកបន្តទៀតថា ជាលទ្ធផលយើងធ្វើបានសម្រេចដូចបានរៀបរាបខាងលើ រួមតាំងរោងស្នាក់នៅរបស់ជនដែលបានលួចដាំដុះរុក្ខជាតិកញ្ឆានេះចំនួន ៣កន្លែង ប៉ុន្តែជនទាំងនោះបានរត់គេចខ្លួនបាត់អស់។យ៉ាងណាក្នុងករណីនេះស្ថិតក្នុងស្ថានភាពស្រាវជ្រាវ និងស៊ើបអង្កេតជុំវិញទីតាំងដែលបានបង្រ្កាបជាបន្តទៀត ក្រែងនៅមានសេសសល់ដើម្បីអនុវត្តបន្តទៀត ៕ ដោយ៖ បុឹម ពិន