ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអង់គ្លេស៖ បើទោះជាមានរលកទី២ COVID-19 ក៏ដោយ ក៏មិនចង់ប្រើប្រាស់ «វិធានការបិទប្រទេសទាំងមូល» សាជាថ្មីឡើយ

ចែករំលែក៖

អន្តរជាតិ៖ លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស នៅថ្ងៃអាទិត្យទី១៩ ខែកក្កដានេះ បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Telegraph ដោយបញ្ជាក់ថា បើទោះជាមានរលកទី២COVID-19 ក៏ដោយលោកមិនចង់ប្រើប្រាស់ «វិធានការបិទប្រទេសទាំងមូល» សាជាថ្មីទៀតឡើយ។

ថ្លែងក្នុងឱកាសផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាននោះ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានប្រដូចដែរថា៖ ជម្រើសបិទប្រទេសទាំងមូលដើម្បីទប់ស្កាត់ COVID-19 គឺវាប្រៀបបានទៅជម្រើសនុយក្លេអ៊ែរដូច្នោះដែរដូច្នេះហើយលោកមិនចង់អនុវត្តវិធានការនេះជាថ្មីម្ដងទៀតនោះទេ។ លោកចនសុន បាន គូសបញ្ជាក់ដូច្នេះថា៖ «វាប្រៀបដូចជាជម្រើសនុយក្លេអ៊ែរដូច្នោះដែរ។ ខ្ញុំមិនចង់ប្រើប្រាស់វាសាជាថ្មីទៀតនោះទេ ហើយខ្ញុំក៏មិនគិតដែរថាយើងនឹងដាក់ចេញ វិធានការបិទប្រទេសទាំងមូលសាជាថ្មី» នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដាឆ្នាំ២០២០

ទន្ទឹមគ្នានោះដែរ ក្រុមអ្នកជំនាញជាច្រើន បានព្រមានថាអង់គ្លេស នៅតែអាចប្រឈមមុខនឹងហានិភ័យនៃការអនុវត្ត វិធានការបិទប្រទេសខណៈរដូវរងារកាន់តែខិតជិតចូលមកដល់។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក បូរីស ចនសុន ក៏បានរំពឹងដែរថា អ្វីៗនឹងអាចវិលទៅរកសភាធម្មតាវិញ នៅមុនថ្ងៃបុណ្យគ្រិស្មាក់នៅចុងខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែលោកក៏បានណែនាំឲ្យគ្រប់គ្នា ត្រៀមសម្រាប់ស្ថានការណ៍អាក្រក់ (ការផ្ទុះ COVID-19 រលកទី២) ដែលអាចនឹងកើតឡើងផងដែរ។

សូមជម្រាបថា ប្រទេសអង់គ្លេសមានមនុស្សស្លាប់រហូតដល់ទៅជាង៤៥,២០០នាក់ ដោយសារជំងឺ COVID-19 ដែលតួលេខនេះ គឺខ្ពស់ជាងគេបំផុតនៅតំបន់អឺរ៉ុបក្នុងចំណោម ករណីឆ្លងសរុបជាង២៩៣,០០០នាក់។ ហើយបច្ចុប្បន្នអង់គ្លេស បានចាប់ផ្តើមសម្លឹងមើលអំពីលទ្ធភាពនៃការដកវិធានការរឹតបន្តឹងបន្ថែមទៀត ខណៈស្ថានការណ៍COVID-19 នៅតំបន់អឺរ៉ុបទាំងមូលបានធូរស្រាលឡើងវិញ ជាងតំបន់ផ្សេងៗទៀតទូទាំងពិភពលោក៕ដោយ៖ស តារា


ចែករំលែក៖