កីឡាអន្តរជាតិ៖ លោក Gennaro Gattuso ដែលជាគ្រូបង្វឹករបស់ Napoli បានសារភាពថា លោកមានការព្រួយបារម្ភចំពេលមានការកើនឡើងនូវករណីឆ្លងជំងឺកូវីដ-១៩នៅទីក្រុងបាសេឡូណានៅមុនការប្រកួតក្របខ័ណ្ឌChampions League នៅខែក្រោយ។
ក្លឹប Napoli របស់លោក Gattuso គ្រោងនឹងប៉ះជាមួយក្រុមBarcelona សម្រាប់ការប្រកួតជើងទី២ នៃវគ្គ១៦ ក្រុមចុងក្រោយរបស់ពួកគេនៅថ្ងៃទី៨ ខែសីហាដោយប្រកួតបិទទ្វារ ប៉ុន្តែការកើនឡើងនៃជំងឺរាតត្បាតកូវីដ-១៩ នៅតំបន់ Catalonia បានធ្វើឱ្យមានការព្រួយបារម្ភខ្លាំងដល់កីឡាករនិងអ្នកចាត់ការទូទៅ។
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរការប្រកួតក្នុងកីឡដ្ឋាន Camp Nouដោយមានការរឹតបន្តឹងពីការធ្វើដំណើរ ធ្វើតេស្តសុខភាព និងការនៅដាច់ដោយឡែកមុនពេលការប្រកួតមកដល់។
នៅពេលសួរអំពីស្ថានភាពបន្ទាប់ពីការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យលើក្រុម Udinese លោក Gattuso បាននិយាយថា “ខ្ញុំមិនបានចាប់អារម្មណ៍លើការប្រកួតនេះទេ ពីព្រោះវាមិនមែនជាការប្រកួតក្រៅស្រុកយើង អ្វីដែលសំខាន់នោះគឺការប្រកួតក្រៅស្រុកដែលនឹងធ្វើនៅខែក្រោយ ចំពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩។ យើងពិតជាមានការព្រួយបារម្ភ ប៉ុន្តែខ្ញុំនៅតែដាក់វាជាប្រធានបទ” ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុម Napoli កំពុងឈរចំណាត់ថ្នាក់ទី៦ ក្នុងលីកកំពូលអុីតាលីមាន៥៦ ពិន្ទុ ដែលប្រឈមនឹងមិនមានកៅអីបានលេង Champions League រដូវកាលក្រោយ។ ក្របខ័ណ្ឌអុីតាល Serie A នៅសល់៤ប្រកួតទៀតនឹងចប់រដូវកាល ២០១៩-២០២០ ដោយក្រុម Napoliនឹងត្រូវប៉ះក្រុម Parma ក្រៅទឹកដី, ប៉ះក្រុម Sassuolo ក្នុងទឹកដី, ប៉ះក្រុម Inter Milan ក្រៅទឹកដី និងប៉ះក្រុម Lazio នៅក្នុងទឹកដី ៕ដោយ៖ភារៈ