កីឡាអន្តរជាតិ៖ អ្នករៀបចំការប្រកួតបាល់ទាត់នៅប្រទេសបារាំងបានប្រកាសថាពានរង្វាន់បាល់ទាត់ពិភពលោកដ៏ល្បីល្បាញគឺ Ballon d’Or នឹងមិនត្រូវបានប្រគល់ជូនកីឡាករឆ្នើមនៅឆ្នាំ២០២០នោះទេដោយសារខ្វះលក្ខខណ្ឌសមរម្យគ្រប់គ្រាន់ និងដោយសារជំងឺកូវីដ-១៩រាតត្បាតនៅក្នុងវិស័យកីឡាបាល់ទាត់ពិភពលោក។
សេចក្តីថ្លែងការណ៍មួយរបស់បាល់ទាត់បារាំងបានឲ្យដឹងថា “នៅក្នុងកាលៈទេសៈពិសេសយើងត្រូវតែបង្កើតបទប្បញ្ញត្តិពិសេស។ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់យើងដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៥៦ Ballon d’Or នឹងមិនប្រគល់ជូនកីឡាករឆ្នើមនៅឆ្នាំ ២០២០នេះទេ។ដោយសារតែឆ្នាំពិសេសមួយនេះមិនអាច និងមិនគួរត្រូវបានគេចាត់ទុកជាឆ្នាំសាមញ្ញនោះទេ។ នៅពេលដែលវិស័យបាល់ទាត់ពិភពលោកកំពុងជួបវិបត្តិកូវីដ-១៩ ដូច្នេះគ្មានអ្វីប្រសើរជាងការអត់ធ្មត់នោះទេ”។
បាល់ទាត់ដូចជាកីឡាដទៃទៀតនៅលើពិភពលោកបានរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងរយៈពេល៤ខែកន្លងមកនេះដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលមានផលប៉ះពាល់កំពុងបន្ត និងអនាគតមិនប្រាកដប្រជា។ លីកបាល់ទាត់ស្ទើរតែទាំងអស់នៅអឺរ៉ុបត្រូវបានផ្អាកមួយរយៈហើយលីកកំពូលបារាំង ត្រូវបានគេលុបចោលដោយមាន១០ប្រកួតមិនទាន់បញ្ចប់។
គួរបញ្ជាក់ថា ពានរង្វាន់ Ballon d’Or បានបង្កើតឡើងដោយក្រុមបាល់ទាត់បារាំងនៅឆ្នាំ១៩៥៦។ ពានរង្វាន់បាល់មាសប្រចាំឆ្នាំគឺជាពានរង្វាន់បាល់ទាត់ប្រចាំឆ្នាំដែលត្រូវបានគេទទួលស្គាល់ថា ជាការកិត្តិយសបុគ្គលដ៏មានកិត្យានុភាពបំផុតសម្រាប់កីឡាករបាល់ទាត់។ នៅចន្លោះឆ្នាំ២០១០ និងឆ្នាំ២០១៥ ពានរង្វាន់នេះត្រូវបានបញ្ចូលគ្នាជាមួយពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ហើយត្រូវបានប្តូរឈ្មោះទៅជា FIFA Ballon d’Or។ ទោះយ៉ាងណាភាពជាដៃគូបានបញ្ចប់នៅឆ្នាំ២០១៦ ហើយឈ្មោះនេះបានប្តូរទៅជាម្ចាស់ពានរង្វាន់ Ballon d’Or ខណៈដែល FIFA ក៏បានប្តូរទៅជាពានរង្វាន់ប្រចាំឆ្នាំដាច់ដោយឡែកពីគ្នាក្នុងនាមជាកីឡាករល្អបំផុតរបស់កីឡាករផ្នែកបុរស និងនារីរបស់ FIFA ។
គួររំលឹកថាការលុបចោលពានរង្វាន់ដ៏សំខាន់មួយនេះមានន័យថា Messiនឹងរក្សាតំណែងជាអ្នកគ្រប់គ្រងពានរង្វាន់ចាស់របស់ខ្លួនរយៈពេល ១២ខែទៀត ហើយខ្សែប្រយុទ្ធ Ronaldo នឹងត្រូវរង់ចាំរហូតដល់ឆ្នាំក្រោយដើម្បីមានឱកាសទទួលបានពាននេះដើម្បីតាមស្មើខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ។ Messi ធ្លាប់បានទទួលពានរង្វាន់ Ballon d’Or នេះចំនួន៦ដងបន្ទាប់ពីទទួលបានជ័យជម្នះក្នុងឆ្នាំ២០១៩ ដែលលើសគូប្រជែងរបស់គាត់ Cristiano Ronaldo ចំនួន១ដង៕ដោយ៖ភារៈ