ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ចិន៖ សម្រេច​បំផ្ទុះ​ទំនប់​វា​រី​អគ្គិសនី​មួយ ​ក្នុង​ខេត្ត​អាន​ហ៊ុយ​ភាគ​ខាងកើត​នៃ​ប្រទេសចិន ដើម្បី​រំដោះ​សម្ពាធ​ទឹកជំនន់​

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃទី២០ ខែកក្កដាម្សិលមិញនេះ ខណៈភ្លៀងនៅតែបន្តខ្លាំងៗឡើង ដែលបង្កើនបរិមាណទឹកទន្លេនៅក្នុងប្រទេសចិនទើបអាជ្ញាធរចិន បានសម្រេចបំផ្ទុះទំនប់វារីអគ្គិសនីមួយក្នុងខេត្តអានហ៊ុយភាគខាងកើតនៃប្រទេស ដើម្បីរំដោះសម្ពាធទឹកជំនន់

បើតាមក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន បានបញ្ជាក់ថា គ្រោះទឹកជំនន់នេះបានប៉ះពាល់ដល់មនុស្សជិត២៤លាននាក់ ចាប់តាំងពីដើមខែកក្កដាមកនេះ ដោយកម្រិតទឹកបន្តហក់ឡើងខ្ពស់នៅភាគខាងកើត និងកណ្ដាលនៃប្រទេសចិន ហើយមកទល់ពេលនេះ ជំនន់ទឹកភ្លៀងនេះបានសម្លាប់មនុស្សជាង១៤០នាក់ហើយ

ឆ្លើយតបនឹងបញ្ហាទឹកជំនន់នេះ អាជ្ញាធរចិន បានអនុវត្តវិធានការបន្ទាន់ដូចជា បង្វែរទឹកចូលទៅក្នុងអាងស្ដុកទឹកដើម្បីគ្រប់គ្រងកម្រិតទឹកស្របពេលដែលទឹករបស់ទន្លេនិងបឹងសំខាន់ៗ កើនដល់កម្រិតប្រកាសអាសន្ន

ក្នុងខេត្ត Anhui ទំនប់វារីអគ្គិសនីមួយលើដងទន្លេឈូ ត្រូវបានបំផ្លាញចោលនៅថ្ងៃទី ១៩ ខែកក្កដា ខណៈកម្រិតទឹកហក់ឡើងដល់កម្រិតខ្ពស់ខ្លាំងពេកតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អាជ្ញាធរតំបន់ចិន អះអាងថា ការបំផ្ទុះនេះ ធ្វើឡើងដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនដែលរស់នៅក្បែរតំបន់នេះ

ដោយឡែកសារព័ត៌មានរដ្ឋចិន Global Times ចុះផ្សាយថា ការបំផ្លាញទំនប់វារីអគ្គិសនីនេះ រំពឹងនឹងកាត់បន្ថយកម្រិតទឹកនៅទន្លេឈូប្រមាណ ៧០សង់ទីម៉ែត្រ ហើយការរំដោះទឹកនេះ ត្រូវបានបែងចែងទៅកាន់ផ្នែកខាងក្រោមនៃដងទន្លេនេះ និងអាងស្តុកទឹកធម្មជាតិនានា

សូមជម្រាបថា កម្រិតទឹករបស់បឹងនិងទន្លេសរុបចំនួន ៣៥ ត្រូវបានមើលឃើញថា ហក់ឡើងហួសកម្រិតប្រកាសអាសន្ន នៅរសៀលថ្ងៃទី១៨ខែកក្កដា រួមទាំង ទន្លេយ៉ង់សេ និងទន្លេហ៊ួហឺផងដែរ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Xinhua

គួរបញ្ជាក់ដែរថា កាលពីសប្តាហ៍មុន ទំនប់វារីអគ្គិសនីយក្សចិន Three Gorges ក៏បានបើកទ្វារទឹកជំនន់ចំនួនរបស់ខ្លួនផងដែរ ក្រោយកម្រិតទឹកក្នុងដងទន្លេយ៉ង់សេ បានហក់ឡើងជាង១៥ម៉ែត្រលើកម្រិតទឹកជំនន់ដោយ៖ស តារា


ចែករំលែក៖