ព័ត៌មានទាន់ហេតុការណ៍៖

បើកចង្ក្រានហ្គាសកម្ដៅទឹកស៊ុប ផ្ទុះកំប៉ុងហ្គាសបង្កជាអណ្តាតភ្លើងឆាបឆេះផ្នែកចង្ក្រានបាយ

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ផ្ទះបានបើកចង្ក្រានហ្គាសដើម្បីកម្ដៅទឹកស៊ុបស្រាប់តែផ្ទុះកំប៉ុងហ្គាសចេញជាអណ្តាតភ្លើងឆាបឆេះ នៅផ្នែកចង្ក្រានបាយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង ហើយសមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គិភ័យចេញមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះលក់ស៊ុបយីហោ ស្រឡៃ ស្ថិតនៅផ្ទះលេខ១៩៣ ភូមិក្រាំងអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សួស នាងសោម៉ា ភេទស្រី ។

ប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា នៅផ្នែកចង្ក្រានបាយមានដាក់កំប៉ុងហ្គាសប្រភេទកំប៉ុងតូចៗនៅក្នុងកញ្ច្រែងជាច្រើនហើយក៏មិនដឹងថាក្នុងចំណោមកំប៉ុងហ្គាសទាំងនោះមានកំប៉ុងខ្លះធ្លុះធ្លាយហ្គាសដែរ ស្រាប់តែនៅម៉ោងកើតហេតុ គ្រាដែលបើកចង្ក្រានហ្គាសធំដើម្បីកម្ដៅទឹកស៊ុបបែរជាអណ្តាតភ្លើងឆាបឆេះទៅកំប៉ុងហ្គាសតូចៗនៅក្បែរនោះឆេះជាអណ្តាតភ្លើង បង្កឲ្យផ្អើលឆោឡោ ដល់ពលរដ្ឋក្បែរខាងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់ តែមិនរលត់ ទើបសមត្ថកិច្ចខលហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញចេញមកជួយចំនួន២គ្រឿង ដោយបាញ់ទឹកអស់មួយរថយន្តទើបភ្លើងរលត់ទៅវិញ ហើយសម្ភារនៅផ្នែកចង្ក្រានបាយបានខូចខាតស្ទើរតែទាំងអស់ ប៉ុន្តែសំណាងល្អគ្មានអ្នករងរបួស ៕ជ្រោយពេជ្រ


ចែករំលែក៖