អន្តរជាតិ៖ បន្ទាប់ពីអាជ្ញាធរក្រុងហុងកុង បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារថា រកឃើញករណីឆ្លង COVID-19 ចំនួន៦១នាក់ថ្មីថែមទៀត ។ ដូច្នេះតំបន់រដ្ឋបាលពិសេសក្រុងហុងកុង នៅថ្ងៃពុធ ទី២២ខែកក្កដា ឆ្នាំ២០២០ បានប្រកាសឲ្យប្រជាជនរបស់ខ្លួនទាំងអស់ ត្រូវតែពាក់ម៉ាស នៅតាមទីកន្លែងសាធារណៈនានាជាកំហិត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលខ្លាំងជាថ្មីម្តងទៀត ។
នៅក្នុងសេចក្តីប្រកាសខាងលើនេះ នឹងចូលជាធរមានចាប់ពីថ្ងៃព្រហស្បតិ៍ទី២៣ ខែកក្កដានេះ ហើយមានសុពលភាពរយៈពេល១៤ថ្ងៃ។ អាជ្ញាធរក្រុងហុងកុង គូសបញ្ជាក់ថា ករណីឆ្លង COVID-19 ចំនួន៦១នាក់ថ្មីទើបតែត្រូវបានរកឃើញថែមទៀត នេះហើយដែលជាហេតុនាំឲ្យករណីឆ្លងសរុបនៅទូទាំងក្រុងមួយនេះ បានកើនដល់២,០១៨ករណី។
ដោយឡែកមេដឹកនាំទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) កាលពីថ្ងៃទី១៩ ខែកក្កដាថ្មីៗនេះ បាននិយាយថា ស្ថានការណ៍COVID-19 នៅក្នុងដែនដីហុងកុង គឺគ្រប់គ្រងលែងបានហើយ បន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំនៅអាស៊ីមួយនេះ បានប្រឈមមុខជាថ្មីម្តងទៀត ជាមួយការកើនឡើងនៃករណីឆ្លងថ្មីៗ នារយៈពេលចុងក្រោយនេះ៕ដោយ៖ស តារា