ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា បានបេីករថយន្តហាយឡេនឌ័រមិនប្រយ័ត្នជ្រុលទៅបុករថយន្តឡង់គ្រឺស័រកំពុងធ្វេីដំណេីរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះដល់កន្លែងកេីតហេតុ កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បេីតាមសម្ដីសន្តិសុខដែលប្រចាំការក្នុងការដ្ឋានក្បែរកន្លែងកេីតហេតុបានបង្ហេីបឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តស៊េរីទំនេីបម៉ាក ឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0909 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក តូយ៉ូតា ហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-0575 បានធ្វេីដំណេីរពីជេីងមកត្បូង(បញ្ច្រាសទិសគ្នា) ក្នុងល្បឿនលឿន ហេីយរេចង្កូតមកឆ្វេងដៃជ្រុលទៅបុករថយន្តឡង់គ្រឺស័រ ចំប្រឈិត ផ្នែកខាងទ្វារឆ្វេង និងកង់ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងបែកនិងដាច់កង់ រងការខូចខាតយ៉ាងដំណំ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ដោយករណីនេះសមត្ថកិច្ចបានឲ្យដឹងថា បណ្ដាលមកពីភាគីរថយន្តហាយឡេនឌ័រ បេីកបរទាំងស្រវឹងនិងមិនប្រយ័ត្ន ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកេីតហេតុភ្លាមៗ និងបានសម្របសម្រួលភាគីទាំង២ដែរ តែមិនត្រូវរ៉ូវគ្នា ទេីបទាក់ទងជំនាញនគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ៕
ដោយ៖ភារ៉ា ដង្កោ