រាជធានីភ្នំពេញ ៖ អគារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករាប្រកបដោយប្រណីតភាពដែលរើពីទីតាំងខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិកទល់មុខរង្វង់មូលវត្តសំពៅមាស មកកាន់ទីតាំងថ្មីនៅកាច់ជ្រុងខាងជើងពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធីបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ព្រមទាំង អភិបាលរងខណ្ឌ មេបញ្ជាការរង នាយទាហាន នាយទាហានរង ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបង្ហាញនូវក្តីសោមនស្សរីករាយនិងអបអរសាទរចំពោះសមិទ្ធផលថ្មីនៃអគារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករានេះ ដែលអាចទុកជាប្រយោជន៍រួមក្នុងការចូលរួមចំណែកការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងភូមិសាស្ត្ររបស់ខ្លួន។ ដូច្នេះចំពោះប្រជាពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាចង់ទំនាក់ទំនង ស្វែងរកការអន្តរាគមន៍ពីសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ៧មករា សូមទៅកាន់ទីតាំងដោយចូលតាមខ្លោងទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកបត់ទៅខាងឆ្វេងដៃ ជ្រុងខាងជើង។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍បន្ថែមថា អគារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករាថ្មីនេះមានបណ្តោយ ២៥.២០ម៉ែត្រ ទទឹង ១៣.៣៦ម៉ែត្រ កម្ពស់៥ជាន់ បំពាក់នូវសម្ភារប្រណីតស្តង់ដារទំនើប និងមានបញ្ចូលនូវរចនាប័ទ្មបែបខ្មែរបុរាណ ត្រូវបានសាងសង់រួចរាល់តាំងពីចុងឆ្នាំ២០១៩ តបតាមការណែនាំ ចង្អុលបង្ហាញរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែណែនាំដល់មេបញ្ជាកាកងរាជរអាវុធហត្ថគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់អគារជំរំជម្រក បន្ទាយស្នាក់នៅ ពីថ្នាក់ជាតិរហូតដល់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ តែដោយមានបញ្ហាការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ ទើបអគារមូលដ្ឋាននេះត្រូវបានពន្យារការសម្ពោធរហូតមកដល់បច្ចុប្បន្ននេះ ហើយអគារនេះក៏ត្រូវបានចាត់ទុកជាគំរូសម្រាប់ការសាងសង់អគារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌផ្សេងៗទៀតក្នុងរាជធានីភ្នំពេញផងដែរ៕
ដោយ៖ ចន្ទ លីហ្សា