កីឡាអន្តរជាតិ៖ ក្លឹបយក្សរបស់បារាំង Paris St-Germain (PSG) បានយកឈ្នះក្រុម Saint-Etienne ក្នុងលទ្ធផល ១ទល់០ លើកពានរង្វាន់ French Cup នៅក្នុងការប្រកួតដែលមានអ្នកគាំទ្រមួយចំនួនត្រូវបានអនុញ្ញាតឲ្យចូលទស្សនានៅកីឡដ្ឋាន Stade de France កាលពីយប់មុិញ ។
ការលើកពានរង្វាន់ French Cup នេះគឺជាពានរង្វាន់ទី២ក្នុងរដូវកាលនេះបន្ទាប់ពីក្រុមយក្សមួយនេះឈ្នះពានលីគកំពូលបារាំង ដោយស្វ័យប្រវត្តិកាលពីខែមីនាមុនពេលបាល់ទាត់នៅប្រទេសបារាំងលុបចោលដោយសារកូវីដ-១៩។
នៅក្នុងការប្រកួតកាលពីយប់មុិញនេះក្រុមជើងខ្លាំង PSG បានព្យាយាមគ្រប់គ្រងបាល់ និងព្យាយាមស្វែងរកគ្រាប់បាល់បានច្រើន ប៉ុន្តែមិនអាចធ្វើបានឡើយ។ នៅនាទីទី១៤ខ្សែប្រយុទ្ធ Neymar មានឱកាសរកគ្រាប់បាល់នាំមុខ១គ្រាប់ ហើយ១គ្រាប់នេះបន្តរហូតដល់ចប់ការប្រកួត ធ្វើឲ្យក្រុម PSG យកឈ្នះក្រុម Saint-Etienne តែម្តង។
នៅក្នុងការប្រកួតនោះដែរនៅនាទីទី៣៣ កីឡាករក្រុម Saint-Etienne គឺកីឡាករ Loic Perrin ត្រូវអាជ្ញាកណ្តាលឲ្យកាតក្រហមបណ្តេញចេញពីការប្រកួតដោយសារធ្វើឲ្យប៉ះទង្គិចជាមួយខ្សែប្រយុទ្ធ Kylian Mbappeបណ្តាលឲ្យរបួសជើងត្រូវប្តូរចេញភ្លាមៗផងដែរ។ ការរងរបួសរបស់ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់ PSG ធ្វើឲ្យមានការព្រួយបារម្ភដល់ក្លឹបក្នុងការប្រកួតជម្រុះវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ Champions League ជាមួយ Atalanta នៅខែសីហាខាងមុខ ៕ដោយ៖ភារៈ