ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកឆ្លងកូវីដ-១៩​កើនឡើងជាថ្មី ​បារាំងចាប់ផ្តើមធ្វើតេស្តជនបរទេសមកពី១៦ប្រទេសមានករណីឆ្លងច្រើន

ចែករំលែក៖

អន្តរជាតិ៖ ចំនួនអ្នកឆ្លងកូវីដ​-១៩​បានកើនឡើងខ្ពស់​ក្នុងរយៈពេល​បីថ្ងៃកន្លងមក បង្ខំឲ្យរដ្ឋាភិបាលបារាំងអនុវត្តការធ្វើតេស្តទៅលើពលរដ្ឋមកពី​១៦ប្រទេសដែលមានករណីឆ្លងកូវីដ-១៩ ច្រើន។​
តាមការលើកឡើងរបស់ក្រសួងសុខាភិបាលបារាំងបានឲ្យដឹងថាមានករណីឆ្លងកូវីដ​-១៩ កើនឡើង​ជាប់គ្នា​៣ថ្ងៃកន្លងមក​​ ដោយមានអ្នកឆ្លងកើនឡើងលើសពី​១ពាន់នាក់ក្នុងមួយថ្ងៃ​។ ចំនួនអ្នកឆ្លងនោះគឺស្មើទៅនឹងពេលដែលបារាំង​ដាក់ប្រទេសក្នុងគ្រាអាសន្ន ​កាលពីចុងខែមេសាឆ្នាំ​២០២០។ បច្ចុប្បន្នមានខេត្តចំនួន​៧នៅបារាំងដាក់ក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ក្នុងនោះមានទាំងទីក្រុងប៉ារីសផងដែរ ។
ប្រធានាធិបតីបារាំង​លោក​ ម៉ាក្រុង បានកោះប្រជុំ គណៈកម្មការ​ប្រយុទ្ធប្រឆាំងជំងឺឆ្លង​ ដើម្បីឡើងយុទ្ធសាស្ត្រទប់ស្កាប់ការឆ្លងរាលដាល​ឱ្យបានល្អបំផុត ពិសេសគឺការគ្រប់គ្រងតាមព្រំដែន​។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីបារាំងលោកJean Castex ​ បានទៅត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិ Roissy Charles-De Gaulle ដែលនៅទីនោះលោកនាយករដ្ឋមន្ត្រីបានលើកឡើងថា​ បារាំងនឹងអនុវត្តយ៉ាងតឹងតែងបំផុតចំពោះអ្នកដំណើរបរទេសចូលមកបារាំង​។
ក្នុងបញ្ជីឈ្មោះ​​១៦ប្រទេស​ដែលរដ្ឋាភិបាលបារាំងត្រូវធ្វើតេស្តនោះគឺមានពលរដ្ឋមកពី​ប្រទេស អាមេរិក, ប្រេស៊ីល​ ,ឥណ្ឌា​​និងប្រទេសជាច្រើនទៀតនៅមជ្ឈិមបូព៌ា​​ ដូចជា​ កាតារ, គុយវែត, អូម៉ង់, ប្រទេសអាហ្វ្រិកខាងត្បូង និងអាល់ហ្សេរី ជាដើម៕

ដោយ៖ធី រីណា


ចែករំលែក៖