ព័ត៌មានទាន់ហេតុការណ៍៖

ជួបជុំហូបចុកនៅផ្ទះបងប្អូន​ រួចជិះម៉ូតូទៅផ្ទះវិញ​ អកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅតាមផ្លូវ

ចែករំលែក៖

  ភ្នំពេញ ៖​ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងទេីបចេញពីផឹកស៊ីនៅផ្ទះបងប្អូនត្រឡប់ទៅផ្ទះវិញ  តែអកុសល​មកដល់ពាក់កណ្តាលផ្លូវ​ សង្ស័យថាមានរថយន្តបុកម៉ូតូពីក្រោយបណ្តាលឲ្យជនរងគ្រោះដួលបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អេីលដល់អ្នកភូមិចេញមកមេីល​ និងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យ​ កាលពីវេលាម៉ោង១១​ និង៣០នាទីយប់ថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០២០ នៅតាមផ្លូវបេតុងក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

    ជនរងគ្រោះដែល(ស្លាប់)មានឈ្មោះ​ សុខ លាង ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមស្លែក សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

  យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ​ ជនរងគ្រោះបានមកផឹកស៊ីជាមួយនឹងបងប្អូននៅក្នុងភូមិកើតហេតុខាងលើ ។ លុះក្រោយមកជនរងគ្រោះក៏បានជិះម៉ូតូម៉ាកធូដេ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1CN- 7532 ជិះតាមផ្លូវបេតុង​ ក្នុងទិសដៅពីជេីងទៅត្បូងគោលបំណងត្រឡប់ទៅផ្ទះវិញ​ តែអកុសលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុសង្ស័យថាមានរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយហើយបណ្ដាលឱ្យជនរងគ្រោះដួលបាក់កស្លាប់ភ្លាមៗតែម្ដង​ ។ 

    ក្នុងស្ថានភាពជនរងគ្រោះខាងលេី ក្រុមគ្រួសារបានបញ្ជាក់ថា​ ដោយសារតែឃើញម៉ូតូរបស់ជនរងគ្រោះមានស្នាមបែកបាក់នៅផ្នែកខាងក្រោយច្រេីន​ ដូច្នេះហើយពួកគាត់ សង្ស័យថាជនរងគ្រោះមិនមែនស្លាប់ដោយសារតែដួលខ្លួនឯងនោះទេ ពិតជាមានរថយន្តបុកហើយរត់បាត់​ ទេីបពួកគាត់បានសំណូមពរទៅសមត្ថកិច្ចខណ្ឌច្បារអំពៅមេត្តាជួយស្រាវជ្រាវរករថយន្តបង្ក​ និងអ្នកបេីកបរមកដោះស្រាយតាមច្បាប់​ ។ 

    ជាមួយគ្នានោះដែរ​ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ​ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលកាមេរ៉ាសុវត្ថិភាពតាមផ្ទះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ​ ហេីយបានធ្វេីឯកសារប្រគល់សពនិងម៉ូតូទៅឲ្យក្រុមគ្រួសារ និងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕​ ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖