ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនលោកផ្កាយ៣នគរបាលក្លែងក្លាយម្នាក់ និងដកហូតលុយដុល្លារខ្មោចជិត៦រយសន្លឹក

ចែករំលែក៖

ភ្នំពេញ បុរសម្នាក់ បានស្លៀកឯកសណ្ឋានជាមន្រ្តីនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣)ក្លែងបន្លំ រួមនិងក្រដាស់ប្រាក់១០០ មានចំនួន៥៨៩សន្លឹក ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តកំពង់ធំ ឃាត់ខ្លួនយកមកសាកសួរ

លោក ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះថា ករណីឃាត់ខ្លួនលោកផ្កាយ៣ក្លែងក្លាយរូបនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដាថ្មីៗនេះ នៅចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

លោកអធិការបន្តថា ជនសង្សយ័មានឈ្មោះ ហេង កែន ណាឌី អាយុ៤២ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ២១ E0 ផ្លូវលេខ៤៧សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានចាប់យកវត្ថុតាងរួមមាន៖

១៖ ឯកសណ្ឋានគរបាល ការងារលេខ៤មួយកំផ្លេ មានស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក ភ្ជាប់ជាមួយអាវស្រាប់។ ២៖ ក្រដាស់ប្រាក់ដុល្លារ (លុយសែន) ប្រភេទក្រដាស១០០ចំនួន ៥៨៩សន្លឹក។

៣៖ ទូរស័ព្ទដៃចំនួន២ គ្រឿង និងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។

លោកអធិការបញ្ជាក់ថា បុរសរូបនោះបានតាំងខ្លួន ធ្វើជាមន្ត្រីនគរបាលជាតិបម្រើការងារផ្នែកប្រឆាំងគ្រឿងញៀន ដោយបានស្លៀកពាក់ឯកសណ្ឋានជានគរបាលជាតិថ្នាក់ ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ជនសង្ស័យជាមនុស្សទើបចេញពីពន្ធនាគារព្រៃស ហើយអាចជាមនុស្សបែកឆ្វេង ក្លែងពាក់ឯកសណ្ឋានបែបនេះ។

បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន កំពុងធ្វើការសាកសួរជនសង្ស័យតាមជំនាញ ដើម្បីនាំខ្លួនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តនិងកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ស តារា


ចែករំលែក៖