ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ដើរឆ្លងផ្លូវត្រូវម៉ូតូបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលអះអាងថាខ្លួនប្រញាប់ប្រញាល់ទៅធ្វើការខ្លាចមិនទាន់ម៉ោងបានជិះម៉ូតូលឿនជ្រុលទៅបុកស្ត្រីម្នាក់កំពុងឆ្លងផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ជាអ្នកបោសសម្អាតតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ខណ:មកដល់កន្លែងកើតហេតុស្ត្រីខាងលើក៏បានឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GY-7393បើកបរក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកស្ត្រីខាងលើបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងទៅខាងរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុរួចឃាត់ខ្លួនម្ចាស់ម៉ូតូយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដើម្បីសួរនាំ។ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌសែនសុខយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ផេង ភាព


ចែករំលែក៖