ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ ១នាក់ក្នុងចំណោម៥នាក់ ករណីលង់ទឹកប្រឡាយ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្មេងស្រីម្នាក់បានលង់ទឹកប្រឡាយស្លាប់យ៉ាងសង្វេគ នៅគ្រាដែលសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ ខណៈនាំគ្នាលេងទឹកប្រឡាយក្បែរផ្ទះ ។

 ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៤ និង៤០នាទីល្ងាចថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងទឹកប្រឡាយ ១៧មេសា ផ្នែកខាងក្រោយផ្ទះក្មេងស្រីរងគ្រោះចម្ងាយប្រមាណ ២០០ម៉ែត្រ ស្ថិតនៅភូមិកណ្ដុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងរងគ្រោះ(ស្លាប់)ឈ្មោះ សុយ សុឃៀង ភេទស្រី អាយុ ៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ដែលមានបងប្អូនបង្កើតចំនួន ៣នាក់នាងជាកូនទី៣ រស់នៅភូមិ.ឃុំកើតហេតុ ។

 ប្រភពដដែលបន្តទៀតថា មុនកើតហេតុមានក្មេងៗចំនួន ៥នាក់បាននាំគ្នាលេងទឹកត្រង់ចំណុចខាងលើ គ្រានោះក្មេងរងគ្រោះបានលង់ទឹក ឯក្មេងផ្សេងឃើញបែបនេះនាំគ្នារត់ឡើងគោក ហើយបានស្រែកហៅឲ្យជាងកំពុងធ្វើផ្ទះនៅក្បែរនោះជួយស្រង់ រួចបញ្ជូនទៅមណ្ឌលសុខភាព និងបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែមិនអាចជួយសង្រ្គោះបានដដែល ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖