ខេត្តរតនគិរី៖ សត្វស្វា៣ក្បាល និងពស់ថ្លាន់មួយក្បាលត្រូវបានលោកថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរីយកទៅលែងក្នុងព្រៃធម្មជាតិនៃឧទ្យានជាតិវ៉ើសៃសៀមប៉ាង ខេត្តរតនគិរី។
ការលែងសត្វព្រៃក្នុងឧទ្យានជាតិនោះមន្ត្រីបរិស្ថានបានធ្វើឡើងនៅថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០២០ដោយមានការចូលរួមពី លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកវ៉ើសៃ កម្លាំងអធិការដ្ឋានស្រុក និងលោកមេឃុំវ៉ើសៃផងដែរ ។
លោកថុន ស៊ូខុន ក៏បានអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់មេត្តាចូលរួមការពារ និងអភិរក្សសត្វព្រៃដោយកុំឱ្យមានការបរបាញ់ ជួញដូរទិញលក់ បរិភោគ និងចិញ្ចឹមសត្វព្រៃគ្រប់ប្រភេទ ព្រោះជាទង្វើខុសច្បាប់។
គួរបញ្ជាក់ថា មន្ទីរបរិស្ថានតែងតែធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ នៅតាមមូលដ្ឋាន ពិសេសនៅតាមភូមិឃុំដែលជាប់និឹងតំបន់ការពារនោះផងដែរ ។
កាលពីពេលថ្មីៗនេះខាងកម្លាំងឧទ្យានុរក្សក៏បានធ្វើការបង្រ្កាបករណីបរបាញ់សត្វព្រៃខុសច្បាប់នោះផងដែរដោយបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងដើម្បីចាត់វិធានការតាមនិីតិវិធីច្បាប់ជាបន្តបន្ទាប់៕ដោយ៖ ជីវ័ន្ត