ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថបង្ក្រាបរថយន្តដឹកឈើលោតឆត្រទៅកំពតរបស់ចែផល្លីល្បីល្បាញនៅខេត្តពោធិ៍សាត់ប្រគល់ឲ្យមេព្រៃខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្តដឹកឈើពេញព្រៀប១គ្រឿងដែលគេស្គាល់ច្បាស់ ថាជារបស់ថៅកែឈើល្បីល្បាញប្រចាំនៅក្នុងខេត្តពោធិ៍សាត់ឈ្មោះ(ចែ ផល្លី)ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកឧដុង្គធ្វើការបង្ក្រាបបានហើយប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើដើម្បីកសាងសំណុំរឿងចាត់ការបន្ត ខណៈដែលរថយន្តរបស់ថៅកែស្រីល្បីល្បាញឈ្មោះប្រចាំខេត្តពោធិ៍សាត់រូបនោះប្រុងដឹកឈើលោតឆត្រកាត់តាមផ្លូវជាតិលេខ៥បន្តទៅផ្លូវលេខ៥១ យកទៅលក់បន្តនៅស្រុកឈូក ខេត្តកំពត ។

បើតាមការរៀបរាប់របស់តៃកុងរថយន្តនិយាយមុនពេលរត់គេចខ្លួនបានឱ្យដឹងថាថៅកែរបស់ខ្លួន(ចែផល្លី)អាចដឹកជញ្ជូនឈើបានយ៉ាងរលូនបែបនេះដោយសារគាត់បានបង់លុយឱ្យគ្រប់សមត្ថកិច្ចនៅតាមដងផ្លូវគ្រប់ខេត្តដែលបានឆ្លងកាត់អស់ហើយ ។

ការបង្ក្រាបរថយន្តដឹកឈើពេញព្រៀបរបស់ ចែផល្លី មេឈ្មួញល្បីឈ្មោះប្រចាំខេត្តពោធិ៍សាត់នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ជិតស្នាក់សង្កាត់រដ្ឋព្រៃឈើឧដុង្គ (ដែលមានលោក ឌុច វណ្ឌី)ជានាយសង្កាត់រាប់ឆ្នាំមកហើយ ស្ថិតនៅក្នុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកថា រថយន្តដឹកឈើរបស់មេឈ្មួញល្បីឈ្មោះនោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយត្រួយចេកឆ្នូតខៀវ ពាក់ស្លាកលេខ ព្រះសីហនុ3A-2361 ដែលគេស្គាល់ច្បាស់ថាជារថយន្តរបស់ (ចែ ផល្លី)មេឈ្មួញឈើល្បីឈ្មោះប្រចាំតំបន់វាលវែង ខេត្តពោធិ៍សាត់។

មន្ត្រីដដែលបានបន្តថា នៅមុនពេលបង្ក្រាបរថយន្តដឹកឈើខាងលើនេះ គឺមានការរាយការណ៍ពីបណ្តាញមកថារថយន្តមេឈ្មួញឈ្មោះ (ចែ ផល្លី)បានលើកឈើគ្រឿងផ្ទះមានសសរ ក្តារ ឃ្នាប មិនក្រោម២០ម៉ែត្រគូបនោះទេ ចេញពីម្តុំប្រមោយ ចិនយំ វាលវែង បើកបរតាមផ្លូវជាតិលេខ៥៥ ឆ្លងកាត់មុខស្នាក់ការអង្គការ(ស៊ីអាយ វ៉ាយអេដ)ឆ្លងផ្លូវជាតិលេខ៥ កាត់ស្រុកក្រគរ កាត់ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តតាកែវយកទៅលក់នៅក្នុងស្រុកឈូក ខេត្តកំពត។

ប្រភពបានបញ្ជាក់ថា ពេលបង្ក្រាបរថយន្តខាងលើនេះបានឃើញតៃកុងរថយន្តឈ្មោះ ប្រុស អាយុជាង៤០ឆ្នាំដែលនិយាយថាខ្លួនជាអ្នកស៊ីឈ្នួលបើករថយន្តឱ្យចែ ផល្លី ទេដោយក្នុងខែកក្កដានេះ ដឹកជញ្ជូនឈើបានចំនួន២០រថយន្តមកហើយ ចេញពីកន្លែងលើកក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ យកទៅលក់បន្តនៅស្រុកឈូកខេត្តកំពត។នៅពេលដែលកម្លាំងកំពុងតែរវល់ស្រាប់តែបុរសជាតៃកុងរថយន្តខាងលើ មានឱកាសល្អបានរត់គេចខ្លួនបាត់ទៅ។

 តាមការបង្ហើបពីសមត្ថកិច្ចថា ការចរាចរដឹកជញ្ជូនឈើរបស់ចែ ផល្លី មេឈ្មួញល្បីឈ្មោះរូបនេះ គឺដឹកចេញពីខេត្តពោធិ៍សាត់ កាត់តាមខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ឆ្ពោះទៅលក់នៅក្នុងខេត្តកំពត ហើយមេឈ្មួញខាងលើបានបង់លុយឱ្យសមត្ថកិច្ចតាមដងផ្លូវរួចរាល់អស់ហើយ មានខេត្តដែលឆ្លងកាត់ទាំងអស់ បូករួមទាំងក្រុមអ្នកកាសែតមួយចំនួនថែមទៀតផង បើគិតជើង ក្នុង១រថយន្តអស់លោកយកចំនួន២០ដុល្លារ ឬស្មើនឹង៨ម៉ឺនរៀល បើសរុប១ខែម្តង គឺ១០០ដុល្លារ ឬ៤០ម៉ឺនរៀល ជាថ្នូរនឹងការមិនរាយការណ៍ឬចាប់បង្ក្រាប ជាពិសេសគឺអស់លោកមេព្រៃតែម្តង បើមិនបង់លុយឱ្យពួកគាត់ទេ ច្បាស់ជាត្រូវបង្ក្រាបជាក់ជាមិនខានឡើយ។

អ្វីដែលគួរឱ្យខ្មាសអៀននោះ គឺកម្លាំងកងរាជអាវុធហត្ថបង្ក្រាបរថយន្តដឹកបទល្មើសព្រៃឈើនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងជាពិសេសនោះគឺ លោក ឌុច វណ្ឌី ជានាយសង្កាត់រដ្ឋព្រៃឈើឧដុង្គ ដែលមានស្នាក់ការនៅលើផ្លូវជាតិលេខ៥ ហើយកម្លាំងកងរាជអាវុធហត្ថបង្ក្រាបក្បែរកន្លែងខ្លួនស្នាក់នៅថែមទៀតផង ដោយសារតែភាពធូររលុង និងភាពអសកម្មរបស់ជំនាញទើបក្រុមឈ្មួញហ៊ានប្រព្រឹត្តបទល្មើសមិនខ្លាចញញើតច្បាប់បែបនេះ។ ប្រភពបន្តថា ចែ ផល្លី មេឈ្មួញល្បីឈ្មោះប្រចាំវាលវែង ខេត្តពោធិ៍សាត់រូបនេះ មានរថយន្តដឹកឈើមិនក្រោមពី៤គ្រឿងនោះឡើយ ហើយរថយន្ត៤គ្រឿងនោះដូរស្លាកលេខរហូត ដើម្បីខ្លួនរកស៊ីនិងដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចផងដែរ។ ចំពោះក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើនៅក្នុងខេត្តពោធិ៍សាត់ មិនមែនមានតែចែ ផល្លី ម្នាក់នោះទេ នៅមាន ចែ អូន និងមេឈ្មួញល្បីឈ្មោះផ្សេងៗថែមទៀតផង។មានការលើកឡើងផងដែរថាមិនឱ្យមានការសង្ស័យយ៉ាងម៉េចកើត បើរថយន្តដឹកឈើរបស់ក្រុមឈ្មួញ ដឹករាល់យប់ថ្ងៃ ហើយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ជាពិសេស លោក ឌុច វណ្ឌី នាយសង្កាត់រដ្ឋព្រៃឈើឧដុង្គ គ្មានឆន្ទៈក្នុងការបង្ក្រាបឡើយ បណ្តែតបណ្តោយឱ្យក្រុមឈ្មួញរកស៊ីដឹកឈើទាំងយប់ទាំងថ្ងៃ ទាល់តែកម្លាំងកងរាជអាវុធហត្ថស្រុកចុះបង្ក្រាបប្រគល់ឲ្យទៅវិញ ។

បច្ចុប្បន្នរថយន្តដឹកឈើខុសច្បាប់ខាងលើ កម្លាំងកងរាជអាវុធហត្ថអូសយកទៅរក្សាទុកនៅសាលាខេត្ត ដើម្បីចាត់ការបន្តនិងវាស់វែងតាមផ្លូវច្បាប់៕សេនាស័ក្តិ


ចែករំលែក៖