ខេត្តកំពង់ធំ៖បន្ទាប់ពីបើកយុទ្ធនាការរយៈពេលជាង១ខែ ក្នុងការបូមទឹកជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការជួយអន្តរាគមន៍ពីកងអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ស្រូវរបស់ប្រជាពលរដ្ឋជាង៣ពាន់ហិកតាបានជួយសង្គ្រោះទាន់ពេលវេលា, លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក រួមទាំងប្រជាពលរដ្ឋមានភាពត្រេកអរជាអនេក និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាត់ឱ្យនាយឧត្តមសេនីយ ហុីង ប៊ុនហៀង ចាត់បញ្ជាកងអន្តរាគមន៍ជួយសង្គ្រោះស្រូវរបស់ពលរដ្ឋបានទាន់ពេលវេលា។
លោក ថោង ខុន បានថ្លែងអំណរគុណយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី បិទយុទ្ធនាការបូមទឹកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋស្រុកបារាយណ៍ និងស្រុកតាំងគោក ពិធីនេះក៏មានការចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ, លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ផាន់ មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន និង ជាមេបញ្ជាការផ្ទាល់នៅការដ្ឋាន លោកយិនងួន កូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក រដ្ឋមន្ត្រី ថោង ខុន បានប្រាប់ប្រជាពលរដ្ឋថា សកម្មភាពដ៏ថ្លៃថ្លារបស់កងអន្តរាគមន៍ជួយនាំទឹកស្រោចស្រពដល់ស្រូវប្រជាកសិករពេលនេះគឺដោយមានការដឹកដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខថ្នាក់ដឹកនាំដ៏ឈ្លាវៃ ដែលតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបការលំបាក ដោយសម្តេចមិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់ជួបទុក្ខលំបាកដោយគ្មានការជួយពីសម្តេចឡើយ ហើយការជួយអន្តរាគមន៍សង្គ្រោះស្រូវនាឱកាសនេះពិតជាបានជួយរួមចំណែកលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យកសិកម្មនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងឱកាសនេះដែរលោកថោង ខុន ក៏បានកោតសរសើរដល់កងអន្តរាគមន៍សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលខេត្ត រដ្ឋបាលស្រុកបារាយណ៍ ស្រុកតាំងគោក រដ្ឋបាលឃុំ បារាយណ៍ ឃុំទ្រៀល ព្រមទាំងកងគ្រឿងចក្ររបស់សម្តេចតេជោ ហ៊ុន សែន ប្រចាំស្រុកបារាយណ៍ ស្រុកតាំងគោកនិងផ្នែកជំនាញថ្នាក់ខេត្តនិងស្រុក រួមទាំងសប្បុរសជនផងដែរដែលបានសហការយ៉ាងជិតស្និទ្ធខិតខំជួយដល់ប្រជាកសិករក្នុងការនាំទឹកបញ្ចូលស្រែ ដោយលោកក៏ស្នើឱ្យក្រុមការងារទាំងអស់បន្តតាមដាន និងអន្តរាគមន៍ដោះស្រាយទឹកបូមទឹកជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពិសេសនៅតាមតំបន់ណាដែលខ្វះខាតទឹកខ្លាំង និងជួយសម្រួលស្តារប្រឡាយចាស់តូចៗ ដើម្បីនាំទឹកបញ្ចូលស្រែរបស់ប្រជាពលរដ្ឋ។
ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលដ្ឋ ស្នើសុំស្តារប្រឡាយចាស់តូចៗដើម្បីនាំទឹកបញ្ចូលស្រែ និងស្នើសុំឲ្យបន្តធានារក្សាទឹកគ្រប់គ្រាន់ ក្នុងប្រឡាយរហូតដល់ រដូវច្រូតកាត់ លោក ថោង ខុន និងលោក សុខ លូ ទទួលយកនិងចាត់ឲ្យអាជ្ញាធរមូលដ្ឋាន និងផ្នែកជំនាញពាក់ព័ន្ធចុះពិនិត្យនិងដោះស្រាយតាមផ្នែកជំនាញ និងស្ថានភាពជាក់ស្តែង ដើម្បីធ្វើយ៉ាងណាស្រោចស្រពដំណាំស្រូវរបស់ប្រជាពលរដ្ឋរហូតទទួលបានផល។
លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការការរីករាលដាលនៃជំងឺកូវីដ១៩ ថែរក្សាសុខភាពដោយការលាងសំអាតដៃ ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានោះដែរលោកអភិបាលស្រុកតាំងគោក អភិបាលស្រុកបារាយណ៍ និងប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេច តេជោ ហ៊ុន សែន ដែលបានចាត់វិធានការបញ្ជូនកងកម្លាំងនៃកងអន្តរាគមន៍ពិសេស ចុះមកជួយបូមទឹកបញ្ចូលប្រឡាយ និងប្រព័ន្ធធារាសាស្ត្រនានាដើម្បីបន្តនាំទៅស្រោចស្រព ស្រែស្រូវរបស់ប្រជាកសិករ ដែលបានជួបនូវការខ្វះខាតទឹកសម្រាប់ស្រោចស្រពផលដំណាំកសិកម្មនារដូវបង្កបង្កើនផលកន្លងមក និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិបន្តបន្ទាប់ទៀតផងដែរ។
គួរកត់សំគាល់ថា នៅក្នុងពិធីបិទយុទ្ននាការនិងជូនដំណើរវិលត្រឡប់របស់កងអន្តរាគមន៍សម្តេចតេជោនេះ ប្រជាពលរដ្ឋបានសំដែងនូវទឹកចិត្តនឹករលឹក និងអរគុណ ដោយស្មោះដោយបាននាំមកនូវរបស់របរកំដរដៃ អនុស្សាវរិយ ជាផ្លែឈើ នំអន្សម មាន់ទា ជាច្រើនផងដែរ ។ ព្រមជាមួយនោះក្នុងការជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោកលោក រដ្ឋមន្ត្រី ថោង ខុន លោកសុខ លូ និងសប្បុរសជននានា ក៏បានជួយឧបត្ថម្ភប្រេងឥន្ធនៈសរុបទាំងអស់ ២០,៦៦៩លីត្រ និងថវិកាប្រមាណ៥ពាន់ដុល្លារ។ នៅក្នុងឱកាសនេះលោក ថោង ខុន ក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ ចូលរួម២០០នាក់ ដោយក្នុងម្នាក់ទទួលបាន សារ៉ុង០១ ថ្នាំពេទ្យ TIFFY ០៣បន្ទះ និងថវិកា ០២ម៉ឺនរៀល។ ជូនក្រុមអន្តរាគមន៍បូមទឹក ៣៥នាក់ ដោយក្នុង ម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ៕ដោយ៖ហេង សូរិយា