ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនជាតិវៀតណាម២នាក់ករណីលួចលុយ២.០០០ដុល្លារនៅក្នុងផ្ទះសំណាក់កាលពីជិតមួយខែមុន។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៩០ កែងផ្លូវព្រះស៊ីសុវត្ថិ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២រូបនេះ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ផាន់ វ៉ាន់ដាត(Phan Van Dat) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម បានមកប្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្រះចក ដោយបានបាត់បង់លុយចំនួន ២.០០០ដុល្លារ អត្តសញ្ញាណប័ណ្ណ វៀតណាម១សន្លឹក និងកាតធនាគារចំនួន១សន្លឹក ។ ក្រោយទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះ ស្រាវជ្រាវដល់កន្លែងកើតហេតុធ្វើការទាក់ទងម្ចាស់ផ្ទះសំណាក់ដើម្បីឆែកមើលកាមេរ៉ាសុវត្ថិភាពឈានដល់ស្គាល់អត្តសញ្ញាណជនសង្ស័យ ហើយ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ អៀងមួយ ភេទស្រី អាយុ២៩ឆ្នាំ នឹងបានបន្តស្រាវជ្រាវតាមចាប់បក្ខពួកម្នាក់ទៀត ឈ្មោះ យិន លីលី ហៅយួន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាមដោយឃាត់ខ្លួនបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី នៅចំណុចផ្លូវលេខ៩០កែងផ្លូវព្រះស៊ីសុវត្ថិ ភូមិ១១ សង្កាត់ស្រះចក ។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៣០នាទីរសៀល នៅចំណុចក្នុងផ្ទះសំណាក់យីហោ មហាសម្បត្តិ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក បង្កឡើងដោយជនសង្ស័យចំនួន២នាក់ ។
នៅចំពោះមុខកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បាននិងកំពុងសួរចម្លើយពីសកម្មភាពប្រព្រឹត្តបទល្មើសកន្លងមក និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕
ជ្រោយពេជ្រ