ពិភពលោក៖ គិតមកដល់វេលាម៉ោង៧ព្រឹកថ្ងៃទី២៧ ខែកក្កដា នៅទូទាំងពិភពលោកមានពលរដ្ឋជាង ១០លាននាក់បានជាសះស្បើយពីកូវីដ-១៩។ ជាមួយគ្នានោះក៏មានចំនួនអ្នកស្លាប់កើនឡើងជាង៦៥១ពាន់នាក់ផងដែរ ក្នុងនោះអាមេរិកមានអ្នកស្លាប់ច្រើនជាងគេ គឺរហូតដល់ទៅជាង ១៤៩ពាន់នាក់។
បន្ទាប់ពីអាមេរិកគឺប្រទេសប្រេស៊ីលមានអ្នកស្លាប់ជាង៨៧ពាន់នាក់ ។ អ្វីដែលគួរឲ្យបារម្ភនោះគឺក្នុងរយៈពេល៣ថ្ងៃចំនួនអ្នកឆ្លងនៅលើពិភពលោកមានរហូតដល់ជាង១លាននាក់ គឺជាចំនួនយ៉ាងច្រើនមិនធ្លាប់មាន។
ជាមួយគ្នានេះដែរនៅទ្វីបអាស៊ី ក៏មានករណីឆ្លងកើនឡើងខ្ពស់នៅប្រទេសជាច្រើន ក្នុងនោះមានឥណ្ឌាជាដើម។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបញ្ជាក់ថា ការឆ្លងរាលដាលវីរុសកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា អាចអូសបន្លាយជាច្រើនខែទៀត។ ប៉ុន្តែចំនួនអ្នកស្លាប់នៅក្នុងប្រទេសឥណ្ឌាមានតិចជាងប្រទេសនានា។
អ្នកឆ្លងនៅឥណ្ឌាមានសញ្ញាកើនឡើងខ្ពស់ ដោយក្នុងរយៈពេល២៤ម៉ោងមានករណីឆ្លងដល់ទៅ៥ម៉ឺននាក់។ សរុបអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ទៅជាង១,៤៣លាននាក់ ក្នុងនោះស្លាប់ជាង៣២ពាន់នាក់។ ជាមួយគ្នានោះក៏មានអ្នកឆ្លងកូវីដ-១៩ ជិត១លាននាក់បានព្យាបាលជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញផងដែរ៕ដោយ៖ធី រីណា