ព័ត៌មានទាន់ហេតុការណ៍៖

ខ្លោចចិត្តអាណិត អោក សុម៉ារីម៉ា មិនទាន់ទាំងដង្ហើមនិងមិនអាចមកចូលរួមបុណ្យសពម្តាយបាន

ចែករំលែក៖

ភ្នំពេញ៖ ម្តាយបង្កើតរបស់ក្រុមតារាចម្រៀងស្រី ត្រកូល”អោក” អ្នកស្រី ទីវ សោភណ្ឌ បានបាន​ទទួល​មរណភាព​ដោយ​សារ​រោគាពាធកាលពីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៤ កក្កដា ២០២០។ អ្វីដែលធ្វើឲ្យអ្នករួមអាជីពសោកសម្រេងខ្លោចចិត្តអាណិតកូនស្រីគឺអ្នកនាង អោក សុម៉ារីម៉ា នោះគឺនាងកំពុងតែរស់នៅសហរដ្ឋអាមេរិក និងមិនអាចមកទាន់ដង្ហើម និងចូលរួមបុណ្យសពម្តាយបាន។
​អោក សុម៉ារីម៉ា បានចេញទៅរស់នៅសហរដ្ឋអាមេរិកជាច្រើនឆ្នាំមកហើយក្រោយពីនាងធ្លាប់បានចេញទៅច្រៀង និងមានស្វាមីនៅលើទឹកដីសហរដ្ឋអាមេរិក។ ម្តាយបង្កើតជាអ្នកមានគុណ និងតែងដើរតាមនាងគ្រប់ទីកន្លែងគ្រាដែលនាងចេញច្រៀងរាំនៅកម្ពុជាកន្លងមកនោះគឺអ្នកស្រី​ ទីវ សោភណ្ឌបានទទួលមរណភាពក្នុង​​វ័យ ៥៩​ឆ្នាំ។ ដំណឹងមរណភាពរបស់ម្តាយតារាចម្រៀងរូបនេះទទួលបានសារំលែកទុក្ខ និងចូលរួមកម្មវិធីបុណ្យដោយផ្ទាល់ពីអ្នករួមអាជីពជាច្រើន។ ត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អ្នក​ស្រី​លា​ចាក​លោក​ដោយ​សារ​រោគាពាធ ក្រោយ​ពី​បាន​ឃើញ​ចូល​សម្រាក​ពេទ្យ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ។ រយៈពេលខ្លីនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានធ្វើឲ្យកូនៗរបស់អ្នកស្រីមិនទាន់អស់ចិត្ត និងមិនបានត្រៀមចិត្តទុកជាមុន។ អោក សុម៉ាវត្តីដែលកំពុងរស់នៅសរដ្ឋអាមេរិកក៏មិនបានចូលរួមបុណ្យសពម្តាយបានត្រឹមតែការទូរស័ព្ទតាមបណ្តាញសង្គមមើលសភាពកម្មវិធីបុណ្យសពម្តាយ និងរៀបរាប់ពីទឹកចិត្តនឹករលឹកមកកាន់បងប្អូនលាម្តាយទាំងទឹកភ្នែក ដែលពេលខ្លះនាងយំបោកខ្លួនព្រោះតែនឹករលឹកនិងស្រលាញ់ម្តាយខ្លាំង។
​ថ្លែងពីអាមេរិកទាំងកោសខ្យល់ជាំពេញខ្លួននោះនាងថានាងពិត​ជា​ឈឺ​ចាប់​ណាស់​ និង មិន​នឹក​ស្មាន​សោះ​ថា​ដង្ហើម​ចុងក្រោយ​របស់​ម្តាយនាងមិនអាចនៅជិតបាន មិនមានឱកាសមើលថែ ។ នាងថាកន្លងមកនាងនិងម្តាយបានទំនាក់ទំនងគ្នាជារៀលរាល់ថ្ងៃតាមទូរស័ព្ទ​ ប៉ុន្តែពេលនេះត្រូវឃ្លាតម្តាយជារៀងរហូតហើយ។ នាង សូម​ឲ្យ​វិញ្ញាណក្ខន្ធម្តាយនាងធ្វើដំណើរ​ឲ្យ​បាន​សុខ​ជា​រៀង​រហូត​ ហើយជាតិ​ក្រោយ​នាងសូម​ឲ្យ​ម៉ាក់​ស្អាត​អាយុ​វែង​ ។ នាងក៏សូមថ្លែងអំណរគុណសម្រាប់សារលើកទឹកចិត្តចូលរួមរំលែកទុកដល់នាងនិងក្រុមគ្រួសារ។
​គួរបញ្ជាក់ដែរថាកន្លងទៅអ្នកស្រី ទីវ សោភណ្ឌត្រូវបានអ្នកសិល្បៈស្គាល់តាមរយៈការធ្វើដំណើររួមជាមួយកូនស្រី កញ្ញា អោក សុម៉ាលីតា អ្នកនាង អោក សុម៉ាវត្តី អ្នកនាង អោក សុម៉ារីម៉ា និងអោក សុម៉ាដាលីស គ្រាដែលពួកនាងបានចេញទៅច្រៀងរាំនៅក្នុងកម្មវិធីប្រគុំតន្ត្រីនានា។ ពិធីបុណ្យខួបគម្រោង៧ថ្ងៃសពម្តាយរបស់ក្រុមតារាចម្រៀងត្រកូលអោក នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដានេះនៅគេហដ្ឋានម្តាយរបស់នាងនាភូមិវាលស្បូវ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ដោយ៖វឌ្ឍនា


ចែករំលែក៖