ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់នៅក្នុងរណ្តៅបង្គន់ខាងកើតផ្ទះចម្ងាយ១០ម៉ែត្របង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិត្រពាំងត្រសក់ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសខាងលើមានឈ្មោះផល ណាផាត់ អាយុ២ខួបមានម្ដាយឈ្មោះខួយ សុីនួនអាយុ៣៦ឆ្នាំ មុខរបរកសិករ និងមានឪពុកឈ្មោះឡេន សាផាន អាយុ៣៥ឆ្នាំនៅភូមិត្រពាំងត្រសក់ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិងគ្រូពេទ្យបង្អែកស្រុកក្មេងខាងលើពិតជាស្លាប់ដោយសារលង់ទឹកនៅរណ្តៅបង្គន់ប្រាកដមែន។
តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាមុនថ្ងៃកើតហេតុគាត់ជាប់រវល់ធ្វើការងារផ្ទះដោយទុកឱ្យកូនរត់លេងនៅដីដោយមិនបានចាប់អារម្មណ៍នោះទេ។ប្រមាណកន្លះម៉ោងក្រោយមកបានស្រែកហៅកូនប្រុសមិនឮឆ្លើយតបទើបប្រញាប់ប្រញាល់ដើររកស្រាប់តែប្រទះឃើញស្លាប់នៅក្នុងរណ្តៅបង្គន់ខាងកើតផ្ទះចម្ងាយ១០ម៉ែត្របង្កការភ្ញាក់ផ្អើលតែម្ដង។
សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឱ្យឪពុកម្ដាយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងបំផុត ៕
ដោយ៖យឹម សុថាន