ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ចិន បាន​ចូល​គ្រប់គ្រង​កុងស៊ុល​អាមេរិក​នៅ​ទីក្រុង​ឆឹង​ទូ ខេត្ត​ស៊ី​ឈ័ន ក្រោយ​បិទ​តាម​ការបញ្ជា​របស់​រដ្ឋា​ភិ​បាល​ចិន

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីរដ្ឋាភិបាលចិន បានចេញបញ្ជាឲ្យបិទកុងស៊ុលអាមេរិកនៅទីក្រុងឆឹងទូ ដែលជាការសងសឹកចំពោះអាមេរិកដែលបញ្ជាឲ្យចិនបិទកុងស៊ុលនៅរដ្ឋតិចសាស់ ចុះនៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០នេះអាជ្ញាធរចិន បានចូលគ្រប់គ្រងកុងស៊ុលអាមេរិកនៅទីក្រុងឆឹងទូ ខេត្តស៊ីឈ័ន ចំណែកស្ថានកុងស៊ុលចិនប្រចាំទីក្រុងហ៊ូស្តុឯណោះ ក៏បានបិទរួចហើយតាមការកំណត់របស់រដ្ឋាភិបាលអាមេរិក

បើតាមការបញ្ជាក់របស់ក្រសួងការបរទេសចិនអះអាងថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែកក្កដានេះ កុងស៊ុលអាមេរិកនៅឆឹងទូ ត្រូវបានបិទតាមសំណើភាគីចិន ហើយក្នុងការប្រកាសថ្ងៃទី២៧ ខែកក្កដា ក្រសួងការបរទេសចិនបន្តថា អាជ្ញាធរចិនក៏បានចូលក្នុងកុងស៊ុលតាមទ្វារមុខហើយគ្រប់គ្រងអាគារទាំងមូល

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃដដែល ទង់ជាតិរបស់អាមេរិក ត្រូវបានបង្ហូតទម្លាក់ដែលនេះជាសញ្ញានៃការឈានទៅដល់ការបិទកុងស៊ុលអាមេរិក នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV កាលពីថ្ងៃទី២៥ ខែកក្កដាសញ្ញាជាតិរបស់អាមេរិកដែលមានរូបឥន្ទ្រី ត្រូវបានដកទុកផងដែរ នៅថ្ងៃទី២៤ ខែកក្កដា ចិនទុកពេលឲ្យអាមេរិក៧២ម៉ោងដើម្បីបិទស្ថានបេសកកម្មមួយនេះ

ដោយឡែកទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយថា ផ្លូវឆ្ពោះទៅកាន់អាគារកុងស៊ុលអាមេរិកនេះ ត្រូវបានបិទ ហើយប៉ូលិសចិន បានក៏បានបិទការធ្វើចរាចរណ៍ផងដែរ នៅចុងសប្ដាហ៍មុន អាមេរិក ចាប់ផ្ដើមដឹកជញ្ជូនវ៉ាន់ចេញពីកុងស៊ុលរបស់ខ្លួនមុនកាលកំណត់៧២ម៉ោងមកដល់ ទូកុងតឺន័រដែលទំនងជាសម្ភារសំខាន់ ត្រូវបានដឹកចេញជាបន្តបន្ទាប់

បច្ចុប្បន្នទីក្រុងប៉េកាំង ចាត់ទុកការបិទកុងស៊ុលអាមេរិកនេះ ជាការសិទ្ធិស្របច្បាប់របស់ខ្លួន និងជាការឆ្លើយតបចាំបាច់ទៅនឹងទីក្រុងវ៉ាស៊ីនតោនដែលបញ្ជាឲ្យបិទកុងស៊ុលចិនប្រចាំទីក្រុងហ៊ូស្តុ រដ្ឋតិចសាស់ កុងស៊ុលរបស់ចិន បានបិទរួចរាល់អស់ហើយ តែការផ្លោងសម្ដីក៏កើតមាន ក្រសួងការបរទេសចិននៅថ្ងៃទី២៥ ខែកក្កដា បានរិះគន់មន្ត្រីអាមេរិកដែលគាស់ទ្វារទម្លុះចូលកុងស៊ុលរបស់ខ្លួន ដោយចាត់ទុកជាការខុសច្បាប់អន្តរជាតិ ព្រោះទីនោះនៅតែជាដែនអធិបតេយ្យរបស់ចិននៅឡើយ

ជាក់ស្តែងការបិទស្ថានកុងស៊ុលនៅក្រុងឆឹងទូ ត្រូវបានគេឃើញថា ជាវិធានការទន់ភ្លន់របស់ចិនដែលមិនចង់ឲ្យទំនាក់ទំនងជាមួយអាមេរិកកាន់តែយ៉ាប់យ៉ឺន កុងស៊ុលអាមេរិកមួយនេះ មិនសូវសំខាន់ប៉ុន្មានឡើយ ហើយមានទំហំតូចបើប្រៀបធៀបកុងស៊ុលអាមេរិកឯទៀតដូចជានៅសៀងហៃ គ័ងចូជាដើម ខណៈកុងស៊ុលចិននៅហ៊ូស្តុដែលអាមេរិកចោទថា ជាទីតាំងលួចកម្មសិទ្ធិបញ្ញាអាមេរិកនោះ ក៏មិនសូវធំដុំដែរ ក្រសួងការបរទេសចិនអះអាងថា មន្ត្រីកុងស៊ុលអាមេរិកនៅឆឹងទូ ធ្វើសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើឲ្យប៉ះពាល់សន្តិសុខរបស់ខ្លួន

សូមជម្រាបថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានបង្ហើបដែរថាអាមេរិកអាចនឹងបិទកុងស៊ុលចិនបន្ថែមទៀត ក្រៅពីហ៊ូស្តុ ចិនមានកុងស៊ុលញូវយ៉ក ឡូអែនជែលេស ឈីកាហ្គោ និងសាន់ហ្វ្រាន់ស៊ីស្កូបន្ថែមពីលើស្ថានទូតនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី៕ដោយ៖ស តារា


ចែករំលែក៖