អន្តរជាតិ៖យ៉ាងហោចណាស់ក៏មានមនុស្សជាង៦០នាក់ស្លាប់ និង៦០នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារសម្លាប់រង្គាលនៅក្នុងភូមិមួយពីក្រុមខ្មាន់កាំភ្លើងនៅភាគខាងលិចរដ្ឋDarfurប្រទេសស៊ូដង់។
ការវាយប្រហារកើតឡើងនៅថ្ងៃទី២៦ខែកក្កដា ហើយនេះជាការវាយប្រហារថ្មីបំផុតពីក្រុមប្រដាប់អាវុធទៅលើភូមិស្ថិតនៅភាគខាងលិចរដ្ឋ Darfur។ តាមការលើកឡើងពីការិយាល័យ មនុស្សធម៌ (OCHA) ប្រចាំនៅតំបន់ Khartoum បានបញ្ជាក់ថា «នេះជាករណីថ្មីបំផុតនៅក្នុងតំបន់ខាងលើក្រោយស្ងប់ស្ថាត់ជាច្រើនសប្តាហ៍កន្លងមក។ កន្លងមកក៏មានការវាយប្រហារ ដុតភូមិ ផ្សារ នៅតំបន់ភាគខាងលិចរដ្ឋ Darfur បណ្តាលឲ្យខូចខាតយ៉ាងខ្លាំងដែរ។
នៅថ្ងៃទី២៦ ខែកក្កដានោះរដ្ឋាភិបាលបណ្តោះអាសន្នស៊ូដង ដឹកនាំដោយលោក Abdallah Hamdok បានប្រកាសថានឹងបញ្ជូនកម្លាំងសន្តិសុខបន្ថែមទៅកាន់តំបន់Darfur ដើម្បីការពារពលរដ្ឋក្នុងរដូវប្រមូលផលកសិកម្ម។
កម្លាំងសន្តិសុខមានទាំងប៉ូលិស និងទាហានបានដាក់ពង្រាយនៅតំបន់Darfur ដើម្បីទប់ស្កាត់អំពើហិង្សា។ ចាប់តាំងពីប្រធានាធិបតី ស៊ូដង់ លោកOmar al-Bashir ត្រូវផ្តួលរំលំ ដែលជាការបើកផ្លូវសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីខែមករាឆ្នាំ២០២០មកអំពើហិង្សាតែងតែកើតឡើងធ្វើឲ្យកសិករត្រូវបង្ខំចិត្តចាកចេញពីតំបន់ដែលខ្លួនរស់នៅ ហើយដល់រដូវវស្សាដែលអាចដាំដុះវិញបានទើបវិលត្រឡប់មកស្រុកវិញ៕ដោយ៖ធី រីណា