ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​ក្រសួង​ធនធាន​ទឹក​ប្រាប់ឱ្យពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ផ្គររន្ទះ​ ខ្យល់កន្ត្រាក់​និងជំនន់ទឹកភ្លៀង​ ពិសេសរលក​សមុទ្របក់បោកខ្លាំង

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រុម​អ្នកព្យាក​ក្រសួង​ធនធាន​ទឹក​នៅថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ បានចេញ​សេចក្ដី​ជូនដំណឹង​ប្រាប់អោយ​ សូមបន្ដប្រុងប្រយ័ត្នចំពោះបាតុភូត​ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈ​ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី ០៤​ ខែសីហា ផ្នែកខ្លះនៃបណ្តាខេត្តនៅទីទំនាបជាប់ជួរភ្នំ និងផ្លូវទឹក សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង។ ដោយឡែក នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្របក់បោកខ្លាំងចាប់ពីថ្ងៃទី០១-០៣​ ខែសីហា ខាងមុខនេះ​ ។

ក្រុម​អ្នកព្យាក​ក្រសួង​ធនធាន​ទឹក​ប្រាប់ទៀតថា​ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ​មានការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុសង្កេតឃើញថាខ្យល់មូសុងនិរតីបក់ក្នុងកម្រិតបង្ហូរមកលើកម្ពុជា ខណៈប្រព័ន្ធសម្ពាធទាបអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។

ក្រុម​អ្នកព្យាក​ក្រសួង​ធនធាន​ទឹក​បាន​បញ្ជាក់ថា​ ស្ថានភាពបែបនេះធ្វើឲ្យបណ្តាខេត្តចំនួន៣រួមមាន​ ៖​ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលភ្លៀងនឹង​អាចធ្លាក់រាយប៉ាយ ជាមួយនិងបរិមាណ​ពីមធ្យមទៅច្រើន​ ក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង ,បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីមធ្យមទៅបង្ហូរ​ ក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ច្រើន រីឯ​បណ្ដាខេត្តទៅតំបន់មាត់សមុទ្រវីញ​ ៖​ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ៕​ ដោយ​ ៖​ សុខ​ខេមរា​


ចែករំលែក៖