អន្តរជាតិ៖ សារព័ត៌មានCNNបានផ្សាយថា នៅថ្ងៃទី២៨ ខែកក្កដា រដ្ឋាភិបាលកោះហុងកុងបានចេញច្បាប់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ យ៉ាងតឹងតែងបំផុត ក្នុងនោះពលរដ្ឋមិនពាក់ម៉ាស់នៅទីសាធារណៈនឹងត្រូវពិន័យជាប្រាក់ ដល់ទៅ៦៤៥ដុល្លារអាមេរិក។
ជាមួយគ្នានេះដែររដ្ឋាភិបាលហុងកុង បានហាមប្រាមពលរដ្ឋជួបជុំគ្នាលើសពីពីរនាក់ ។ ចំណែកម៉ាស់គឺត្រូវពាក់ជាប់ជានិច្ច ពេលចេញក្រៅផ្ទះ។អ្នកមិនគោរពច្បាប់ត្រូវពិន័យជាប្រាក់ ៥ពាន់ដុល្លារហុងកុង (៦៤៥ដុល្លារអាមេរិក)។
ប៉ុន្តែបុគ្គលណាដែលមានមូលហេតុត្រឹមត្រូវ ដូចជា កុមារក្រោមអាយុ៥ឆ្នាំ ត្រូវបានលើកលែង។ជាមួយគ្នានេះដែររដ្ឋាភិបាល ចិនបានប្រកាសឲ្យដឹងថា និងជួយដល់កោះហុងកុងសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន ដោយមានគ្រែពេទ្យដល់ទៅ២ពាន់គ្រែនៅជិតអាកាសយានដ្ឋានហុងកុង ដើម្បីព្យាបាលអ្នកជំងឺ។
ហុងកុងមានក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកូវីដ-១៩ ជាថ្មី ដោយមានករណីឆ្លងកូវីដ-១៩ មិនដឹងមកពីប្រភពណានោះឡើយ។ ហុងកុងគឺជាគំរូនៃការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានយ៉ាងល្អបំផុត។ ប៉ុន្តែនៅថ្ងៃទី២៧ខែកក្កដា កោះហុងកុងមានករណីឆ្លងកូវីដ-១៩ដល់ទៅជាង១០០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ក្នុងប្រទេសនេះកើនឡើងដល់ទៅ ជាង២៧០០នាក់។ ចំណែកអ្នកស្លាប់ក៏បានកើនឡើងដល់ទៅ២០នាក់ផងដែរ៕ដោយ៖ធី រីណា