ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលទាំងព្រឹកក្រុមចោរជិះម៉ូតូចូលលួចក្នុងហាងលក់ទូរស័ព្ទ ម្ចាស់ឃើញទាន់ជិះដេញតាមទម្លាក់ចោល៣គ្រឿងគេចខ្លួនបាត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ហាងលក់ទូរស័ព្ទមួយកន្លែងនិងស្រែកថាចោរៗបន្ទាប់ពីមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿងមកឈប់និងចូលលួចយកទូរស័ព្ទ៦គ្រឿងរួចហើយជិះម៉ូតូគេចចេញទៅ ប៉ុន្តែដោយម្ចាស់ឃើញទាន់ក៏រត់ដេញតាមទើបចោរទម្លាក់ទូរស័ព្ទ៣គ្រឿងចោលកណ្ដាលផ្លូវតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី ២៨ ខែកក្កដាឆ្នាំ២០២០នៅត្រង់ចំណុចភូមិស្វាយប្រហួត ឃុំគោកព្រឹង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ហាងទូរស័ព្ទមានឈ្មោះសោម សុជាតា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកហាងលក់ទូរស័ព្ទដៃ រស់នៅភូមិឃុំកើតហេតុខាងលើ។

ចំពោះសម្ភារដែលបាត់បង់មានទូរស័ព្ទម៉ាកoppoស៊េរីថ្មី៣គ្រឿង។ចំណែក៣គ្រឿងទៀតដែលក្រុមជនសង្ស័យទម្លាក់ចោលកណ្ដាលផ្លូវនោះម៉ាកoppoដោយបានបែកកញ្ចក់គ្រប់ទូរស័ព្ទ។

បើតាមការបំភ្លឺរបស់ម្ចាស់ហាងបានឱ្យដឹងថា មុនកើតហេតុមាន

ក្រុមជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤មិនចាំស្លាកលេខមកឈប់នៅមុខផ្ទះគាត់ ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍។

ប្រភពបន្តថា ក្រោយមកគាត់ក្រឡេកមើលមុខផ្ទះស្រាប់តែឃើញជនសង្ស័យប្រមូលយកទូរសព្ទ័ក៏មានការភ្ញាក់ផ្អើលស្រែកថាចោរៗធ្វើឱ្យជនសង្ស័យដែលឡើងជិះម៉ូតូភ័យក៏ទម្លាក់ទូរស័ព្ទចោលចំនួន៣គ្រឿងកណ្ដាលផ្លូវដោយមិនឱ្យគាត់ជិះម៉ូតូដេញតាមបន្តទៀត។

បច្ចុប្បុន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុនិងស្រាវជ្រាវបន្តដើម្បីរកមុខសញ្ញាសង្ស័យចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖