ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្ម ទុកពេល ៣០ថ្ងៃដល់អ្នកលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារប្រភេទណាមួយ មិនបានអនុវត្តតាមច្បាប់ គឺចាត់វិធានការ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូន អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលប្រកបអាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារទាំងអស់ មេត្តាជ្រាបថា៖ ក្នុងរយៈពេលកន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា ការចរាចរផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ នៅលើទីផ្សារមួយចំនួន មិនបានអនុវត្តតាមខ្លឹមសារនៃមាត្រា ៩ ១០ ១១ ១២ នៃអនុក្រឹត្យលេខ ១៣៣ អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៥ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ (ឧបសម្ព័ន្ធ ១) និងប្រកាសរួមលេខ ០៦១ សនរប ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០០៧ ស្តីពីការអនុវត្តអនុក្រឹត្យស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ដោយមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួន នៅលើសំបកវេចខ្ចប់ ជាប់នឹងផលិតផលរបស់ខ្លួន ដូចជា ការបង្ហាញណែនាំអំពីវិធីប្រើផលិតផលជាភាសាខ្មែរ និងជាពិសេសពាក្យថា “គ្មានអ្វីប្រសើរជាងការបំបៅ កូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន ៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ ២ឆ្នាំ ឬលើសឡើយ”។

ដើម្បីលើកទឹកចិត្តឱ្យមានការបំបៅកូនដោយទឹកដោះម្តាយ និងការធ្វើពាណិជ្ជកម្មដោយសុចរិត ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដល់ក្រុមហ៊ុនធ្វើអាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារទាំងអស់ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ប្រសិនបើមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម រកឃើញផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារប្រភេទណាមួយ មិនបានអនុវត្តតាមខ្លឹមសារ ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវផ្សេងៗទៀត នៃអនុក្រឹត្យលេខ ១៣៣ និងប្រកាសរួមលេខ ០៦១ សនរប មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការផ្អាកជាបណ្តោះអាសន្ននូវការចរាចរ និងដកហូតចេញពីទីផ្សារ ឬអនុវត្តនីតិវិធីផ្សេងៗទៀត ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិជាធរមានផ្សេងៗទៀត ដោយមិនលើកលែង។
ក្រសួងពាណិជ្ជកម្ម នឹងបន្តសកម្មភាពការងាររបស់ខ្លួន ដោយឈរលើអណត្តិការងារតាមតួនាទី និងភារកិច្ច ហើយសង្ឃឹមជឿជាក់យ៉ាងមុតមាំលើកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ និងដើម្បីផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល៕ដោយ៖សុខខេមរា


ចែករំលែក៖