ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរអនុព័ន្ធយោធាចិន ក្នុងពិធីរំឭកខួបលើកទី៩៣ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូទៅជូនពរអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ក្នុងឱកាសអបអរខួបលើកទី៩៣ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។

ក្នុងពិធីទទួលបដិសណ្ឋាកិច្ចប្រតិភូនៅស្ថានទូតចិន នាទីក្រុងភ្នំពេញ លោកវរសេនីយ៍ឯកពិសេស LY CHING FENG ប្រធានអនុព័ន្ធយោធាចិន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ នាយឧត្តមសេនីយ៍ វង្ស ពិសេន និងប្រិតភូ ដែលចំណាយពេលវេលាមកជូនពរក្នុងឱកាសដ៏វិសេសវិសាលនេះ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងចិន ជាប្រទេសជិតខាងល្អ ដែលមានប្រវត្តិទំនាក់ទំនងជាប្រពៃណីតាំងពីយូរលង់ណាស់មកហើយ។ រហូតមកដល់ពេលនេះ ការផ្លាស់ប្តូរទំនាក់ទំនងទេ្វភាគីមានរយៈពេលជាងពីរពាន់ឆ្នាំ ដោយបានបន្តនូវប្រវត្តិរឿងរ៉ាវជាគំរូល្អៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានអ្នកជំនាន់ក្រោយអនុវត្តបន្តពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសក្នុងឆ្នាំ២០១០ ប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលនាំឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះខួបលើកទី៩៣ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល កងទ័ព និង ប្រជាជនចិន នាពេលកន្លងមក ជាពិសេសក្នុងគ្រាកើតវិបត្តិជំងឺកូវីដ-១៩ ដែលភាគីចិនបានជួយផ្តល់ទាំងមធ្យោបាយ សម្ភារ បរិក្ខារផ្សេងៗ រួមទាំងអ្នកជំនាញខាងវេជ្ជសាស្រ្តដល់កម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯកពិសេស LY CHING FENG បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលោកបញ្ជាក់ថា ទាំងនេះក៍អាស្រ័យដោយថ្នាក់ដឹកនាំប្រទេសទាំងពីរយកផលប្រយោជន៍ប្រជាជនជាធំ។

លោកវរសេនីយ៍ឯកពិសេស LY CHING FENG បានរំលេចពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ក្នុងគ្រាដ៍លំបាកនៃជំងឺកូវីដកើតឡើងធ្ងន់ធ្ងរ ដែលកាយវិការនេះត្រូវបានប្រធានាធិបតីចិន សុីជីង ពីង អរគុណ និងចងចាំនូវចំណងមិត្តភាពនេះ ហើយបានបន្សល់ទុកចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅដល់បក្ស រដ្ឋាភិបាល និងប្រជាជនចិនផងដែរ។

លោកប្រធានអនុព័ន្ធយោធាចិន បានមានជំនឿយ៉ាងមុតមាំថា ក្រោយបញ្ចប់ជំងឺកូវីដ-១៩ ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងន័យជំរុញឲ្យយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសចិន និង កម្ពុជា តភ្ជាប់គ្នាយ៉ាងរឹងមាំ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យកាន់តែមានភាពស៊ីជម្រៅ ហើយទទួលបាននូវសមិទ្ធិផលថ្មីៗថែមទៀត៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖