ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរងនគរបាលខេត្តព្រៃវែងទទួលផែនគ្រឿងញៀន ត្រូវបានប្រភពព័ត៌មានច្បាស់ការណ៍ទម្លាយឱ្យដឹងថា គឺ ជាអ្នកលក់កាំភ្លើងឱ្យជនល្មើសជាប៉ូលិសមួយរូបនៅខេត្តព្រៃវែងចេញធ្វើសកម្មភាពប្លន់រថយន្តតាក់ស៊ីមួយគ្រឿង និងត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការរួចរាល់ហើយ ។
ព័ត៌មានដែលបែកធ្លាយនាពេលនេះ គឺ ក្រោយពេលដែលនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នលើលោក ថោង វណ្ណឌី និងកូនចៅ៦នាក់ទៀតពាក់ព័ន្ធករណីធ្វើទារុណកម្មនិងជំរិតទារប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់ ។
យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ បានឱ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ ជុត ជីវ័ន្ត អាយុ២៧ឆ្នាំ មានតួនាទីជានាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ពីបទ «លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សានិងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រ តាមមាត្រា៣៥៣និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ ។
ដោយឡែក លោកឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី អាយុ៤៣ឆ្នាំ ស្នងការរងនគរបាលខេត្តព្រៃវែងទទួលផែនគ្រឿងញៀន ត្រូវបានតុលាការចោទប្រកាន់ពីបទ «លក់អាវុធដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅភោជនីយដ្ឋានម្លប់ស្វាយ ភូមិកំពង់លាវ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩ តាមមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ» ។
មជ្ឈដ្ឋានជាច្រើនសង្ឃឹមថា សមត្ថកិច្ចនឹងចាប់ខ្លួនលោកឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ទុកជាគំរូដល់កងកម្លាំងដទៃទៀត ដែលខ្លួនជាសមត្ថកិច្ចមិនគួរណាប្រព្រឹត្តរឿងអាស្រូវជាបន្តបន្ទាប់ និងហ៊ានលក់អាវុធឱ្យប៉ូលិសគ្នាឯងចេញធ្វើសកម្មភាព បែបនេះសោះ ។
ជាមួយគ្នានេះប្រជាពលរដ្ឋសង្ឃឹមថា ថ្នាក់លើនឹងពិនិត្យបន្ថែមទៀតលើលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការវ័យក្មេងនៃខេត្តព្រៃវែង អំពីសមត្ថភាពក្នុងការដឹកនាំកូនចៅ ប្រយោជន៍ដើម្បីកុំឱ្យប៉ូលិសខេត្តព្រៃវែងប្រព្រឹត្តខុសបន្តទៀត ៕ ដោយ៖ចេស្តា