ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីគ្រឿងញៀនទៀតហើយ! នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ៣នាក់

ចែករំលែក៖

 ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបង្ក្រាបនិងឃាត់ខ្លួនបានករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោកញាណ នន នាយកនគរបាលប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាទីតាំងខាងលើមានការជួញដូរនូវសារធាតុញៀន ភ្លាមនោះលោកបានដឹកនាំកម្លាំងផ្ទាល់និងមានការសហការជាមួយកម្លាំងជំនាញខណ្ឌចុះដល់ចំណុចខាងលើហើយបានឃាត់ខ្លួនជនសង្ស័យ៣នាក់និងចាប់យកវត្ថុតាងមួយចំនួន។

លោកនាយកប៉ុស្តិ៍បានឲ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់នោះមាន១-ឈ្មោះ​ មឹល រស្មី  ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ទី២-ឈ្មោះ​ សុខ រ៉ានី  ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបោកអ៊ុតខោអាវ ស្នាក់នៅផ្ទះជួលក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងទី៣- ឈ្មោះ​ សន រុន  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងចាប់យកមាន៖ ម្សៅក្រាមសថ្លា១២កូនថង់តូច និងសម្ភារមួយចំនួនទៀត។ 

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖