វៀតណាម៖តាមប្រភពព័ត៌មានពី គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩របស់វៀតណាមនៅរសៀលថ្ងៃទី៣១ ខែកក្កដាបានប្រកាសថា វៀតណមមានករណីស្លាប់ដំបូង បង្អស់ដោយកូវីដ-១៩។ អ្នកដែលស្លាប់ដោយកូវីដ-១៩ គឺជាអ្នកជំងឺទី ៤២៨ មានអាយុ ៧០ឆ្នាំ រស់នៅក្នុងទីក្រុង ហូយអាង ខេត្តវ៉ាងណាម។
ដូច្នេះគិតមកដល់វេលាម៉ោង ៣រសៀលថ្ងៃទី៣១ ខែកក្កដា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុប៥០៩នាក់ និងស្លាប់ម្នាក់។ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃសុក្រ ទី៣១ ខែកក្កដានេះ អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៤៥នាក់ទៀត ដែលភាគច្រើនកើតឡើងនៅក្នុងទីក្រុងដាណាង (Da Nang) ភាគកណ្តាលនៃប្រទេស ហើយនេះជាករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ គិតចាប់តាំងពីការផ្ទុះឡើងដំបូង កាលពីចុងខែមករាកន្លងមក។
មន្ត្រីសុខាភិបាលបានឲ្យដឹងថា គិតចាប់តាំងពីការផ្ទុះឡើងវិញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ករណីឆ្លងថ្មីបានកើនឡើងដល់៩៣ករណី ហើយបច្ចុប្បន្ននេះ ប្រទេសវៀតណាមមានករណីឆ្លង COVID-19 សរុបចំនួន ៥០៩ករណី ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ ៣៧៣នាក់។
រដ្ឋធានីហាណូយ បានធ្វើតេស្តលើមនុស្សចំនួន ២១,០៦៣នាក់ ដែលទើបតែវិលត្រឡប់មកពីទីក្រុងដាណាងវិញ។ ចំណែកឯទីក្រុងហូជីមិញ កាលពីយប់ថ្ងៃទី៣០ឈានចូលថ្ងៃទី៣១ ខែកក្កដា បានសម្រេចបិទកន្លែងកម្សាន្ត និងហាមឃាត់ការជួបជុំនៅតាមទីប្រជុំជន បន្ទាប់ពីបានរកឃើញករណីឆ្លង COVID-19 ចំនួន ២ករណី ក្នុងចំណោមមនុស្ស ១៨,០០០នាក់ ដែលធ្លាប់បានធ្វើដំណើរទៅទីក្រុងដាណាងផងដែរ៕ដោយ៖ធី រីណា