ព័ត៌មានទាន់ហេតុការណ៍៖

ហុងកុងពន្យារពេលបោះឆ្នោត ដោយសារការឆ្លងរាលដាលកូវីដ-​១៩

ចែករំលែក៖

កោះហុងកុង៖ នៅវេលាម៉ោង​១៨ ថ្ងៃទី ៣១ខែកក្កដា​ មេដឹកនាំកោះហុងកុង លោកស្រីCarrie Lam បានប្រកាសថា ការបោះឆ្នោត នៅថ្ងៃទី ៦ខែកញ្ញាខាងមុខអាចនឹងត្រូវពន្យារពេល ដោយសារតែ​កូ​វីដ-១៩ ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានប្រកាសផងដែរថា ការឆ្លងរាលដាលកូវីដ-១៩ ជាថ្មី​ប៉ះពាល់យ៉ាងខ្លាំង​ដល់ការបោះឆ្នោត​។
ក្នុងរយៈពេល​១សប្តាហ៍កន្លងមក ហុងកុងមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង​១០០នាក់​ ធ្វើឲ្យចំនួនអ្នកឆ្លង​ក្នុងកោះហុងកុងមានសរុបដល់ទៅជាង​៣ពាន់នាក់​។ បើទោះបី មានករណីឆ្លងទាបជាងគេបើប្រៀបធៀបនិងតំបន់ផ្សេងនៅលើពិភពលោក​។ ប៉ុន្តែមេដឹកនាំកោះហុងកុង បានបង្កើនការប្រុងប្រយ័ត្ន​ខ្លាចមានករណីឆ្លងកើនឡើងខ្ពស់លើសពីការគ្រប់គ្រង។
ព័ត៌មានស្តីពី ការពន្យារពេលបោះឆ្នោត នៅហុងកុងកើតឡើងក្រោយពេលដែល​​រដ្ឋាភិបាលប្រកាស ដកបេក្ខភាពគណបក្សប្រឆាំង​១២នាក់ ក្នុងនោះមានបុគ្គលដែលល្បីល្បាញ នៅហុងកុង​ដូចជាJoshua Wong, Dennis Kwok និង Alvin Yeung ជាអ្នកដឹកនាំបាតុកម្មប្រឆាំង​រដ្ឋាភិបាល។
កាលពីពាក់កណ្តាលខែកក្កដា ទីក្រុងប៉េកាំងបានព្រមានថា គណបក្សប្រឆាំងកោះហុងកុង បានបំពានច្បាប់​សន្តិសុខ ក្រោយពេលបោះឆ្នោតជ្រើសរើសបេក្ខភាព ចូលទៅកាន់សភាហុងកុង ដោយមិនមានការព្រមព្រៀងពីរដ្ឋាភិបាលចិន៕

ដោយ៖ធី រីណា


ចែករំលែក៖