ភ្នំពេញ៖ យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ថាកម្ពុជាបាននាំចេញផលិតផលកសិកម្មជាច្រើនមុខ ទៅកាន់ទីផ្សារអន្តរជាតិបានបរិមាណ ២,៦៨៩,៦៨៥តោន ក្នុងរយៈពេល៧ខែឆ្នាំ២០២០នេះ ។
លោករដ្ឋមន្ត្រី វេង សាខុន បញ្ជាក់បន្ថែមទៀតថា បរិមាណនៃការនាំចេញផលិតផលកសិកម្មនេះ គឺត្រូវបានគត់ត្រាផ្លូវការ ដែលឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ដោយមិនទាន់គិតពីការនាំចេញក្រៅផ្លូវការ ដូចជាស្រូវជាង១លានតោន ទៅកាន់ប្រទេសវៀតណាមនោះទេ។
លោករដ្ឋមន្រ្តី បានគូសបញ្ជាកថា ផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជាដែលនាំចេញទៅក្រៅប្រទេស នៅរយៈពេល៧ខែនេះរួមមាន៖អង្ករនាំចេញបានជិត៤៣ម៉ឺនតោន, ដំឡូងមីជាង១.៥លានតោន, គ្រាប់ស្វាយចន្ទីជិត២០ម៉ឺនតោន, គ្រាប់ពោតជាង១៤ម៉ឺនតោន, ចេកស្រស់ជិត១៧ម៉ឺនតោន, ផ្លែស្វាយជិត៥ម៉ឺនតោន, ដូងប្រេងជាង៣ម៉ឺនតោន, ម្ទេសស្រស់ជាង៤ម៉ឺនតោន និងផលិតផលកសិកម្មផ្សេងៗទៀត។
គួរជម្រាបថា ទីផ្សារកសិផលរបស់កម្ពុជាមានដូចជា៖ ចិន ថៃ វៀតណាមឥណ្ឌា អឺរ៉ុប ជប៉ុន រុស្ស៊ី អូស្ត្រាលី បារាំង និងប្រទេសមួយចំនួនទៀត៕ដោយ៖ស តារា